ក្រោយពីបានបង្កើតកំណត់ត្រាថ្មីកាលពីម្សិលមិញ តម្លៃមាសពិភពលោកនាព្រឹកនេះក៏បានបន្តកើនឡើងរាប់សិបដុល្លារ នាំឱ្យតម្លៃក្នុង1អោន (ounce) ឡើងដល់1,960ដុល្លារអាមេរិក។
បិទការជួញដូរកាលពីម្សិលមិញ (27កក្កដា) មាសទិញប្រគល់ភ្លាមៗក្នុង1អោនឡើងថ្លៃ2%បើធៀបនឹងម្សិលម៉្ងៃ (26កក្កដា) ដែលមានតម្លៃ1,943ដុល្លារ។ បើកការជួញដូរនាព្រឹកនេះ មាសបន្តឡើងថ្លៃបន្ថែម20ដុល្លារ ហើយបច្ចុប្បន្នត្រូវបានជួញដូរក្នុងរង្វង់1,963ដុល្លារក្នុង1អោន (1អោន=8.29,426ជី)។
មាសដែលបង្កើតបានកំណត់ត្រាថ្មីកាលពីម្សិលមិញ គឺដោយសារអ្នកវិនិយោគស្វែងរក “ទីជម្រកសុវត្ថិភាព” សម្រាប់រក្សាទ្រព្យរបស់ពួកគេ នៅពេលភាពតានតឹងរវាងចិននិងអាមេរិកាំងបានកើនឡើងខ្លាំងក្នុងគ្រាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងដាំក្បាលចុះដោយសារCOVID-19។ Dollar Index ដែលជារង្វាស់សម្រាប់វាស់ស្ទង់កម្លាំងរបស់ដុល្លារអាមេិរកជាមួយនឹងបណ្ដារូបិយប័ណ្ណធំៗផ្សេងទៀត បានធ្លាក់ចុះដល់បាតអស់រយៈពេល2ឆ្នាំមកហើយដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
Edward Moya ដែលជាអ្នកវិភាគជាន់ខ្ពស់មកពីក្រុមហ៊ុន OANDA បានអះអាងថា “ខ្ញុំយល់ថា មាសនឹងបន្តឡើងថ្លៃ ខណៈដែលរូបិយវត្ថុដុល្លារអាមេរិកដាំក្បាលចុះ”។ លោកបន្តថា អ្វីៗទាំងអស់កំពុងតែនាំប្រយោជន៍មកឱ្យមាស។ Fed (ធនាគារកណ្ដាលសហរដ្ឋអាមេរិក) នឹងបង្កើនល្បឿនក្នុងការបញ្ចេញខ្ទង់ប្រាក់ជំនួយដ៏ច្រើនដើម្បីគាំទ្រសេដ្ឋកិច្ច។ អស្ថិរភាពនៃវិបត្តិសុខភាពចេះតែបន្តកើនកើតមាន ក៏មានន័យថា វិធានការរឹតបន្តឹងលើការធ្វើដំណើរ ត្រូវបានធ្វើឡើងជាបន្តទៀត”។
ឆ្នាំ2020 មាសបានឡើងថ្លៃជិត30% ដែលនេះគឺផ្ទុយទាំងស្រុងទៅនឹងស្ថានភាពក្នុងដំណាក់កាលមុនCOVID-19 មកដល់។ នៅមុនវិបត្តិសុខភាព មាសត្រូវប្រជែងជាមួយនឹង “ជម្រកសុវត្ថិភាព” ជាច្រើនផ្សេងទៀត ពិសេសគឺរូបិយវត្ថុដុល្លារអាមេរិក។
មាសគឺជា “ជម្រកសុវត្ថិភាព” ដែលមិនមានការប្រាក់តាមការកំណត់ណាមួយនោះទេ ដោយវាគឹជាឧបករណ៍សម្រាប់ការពារហានិភ័យដែលអាចកើតឡើងព្រោះតែបញ្ហាអតិផរណា និងបញ្ហាប្រាក់ចុះថោក។ មូលហេតុមួយផ្សេងទៀតដែលនាំឱ្យមាសឡើងថ្លៃខ្ពស់ នោះគឺទុនវិនិយោគដ៏ធំនានាត្រូវបានបណ្ដាក់ទៅក្នុងមូលនិធិមាស Exchange-traded fund ឬហៅថា ETF (ETF គឺជាប្រភេទមូលនិធិមួយ ហើយវាកាន់កាប់ទ្រព្យជាច្រើនប្រភេទ ដូចជាមូលបត្របំណុល ភាគហ៊ុន និងមាសដុំជាដើម ដែលត្រូវបានបែងចែកកម្មសិទ្ធិរបស់វាផ្ទាល់ទៅជាភាគហ៊ុនដែលគ្រប់គ្រងដោយភាគហ៊ុនិក)។
អ្នកវិភាគ Lukman Otunuga មកពីក្រុមហ៊ុន FXTM បានអះអាងថា “ការរកបានវិធីព្យាបាល COVID-19 នឹងអាចកែលម្អផ្លូវចិត្ត និងអូសទាញទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។ ដូច្នេះនៅពេលស្ថានការណ៍វិជ្ជមាននានាបានកើតឡើង ក្រុមអ្នកវិនិយោគនឹងត្រូវទាក់ទាញឱ្យចាកចេញពី “ជម្រកសុវត្ថិភាព” (មាស) នេះ៕
ប្រភព៖ សារព័ត៌មានបរទេស