យោងតាមសម្ដីរបស់មហាសេដ្ឋី Mark Cuban ការយល់ខុសដ៏ធ្ងន់ធ្ងរបំផុតទាក់ទិននឹងប្រាក់កាសនោះគឺ “ការយល់ថា ការក្លាយជាអ្នកមាននឹងបណ្ដាលឱ្យមនុស្សប្ដូរផ្លាស់”។
លោក Mark Cuban ដែលជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុន Dallas Mavericks បានក្លាយជាមហាសេដ្ឋីមួយរូបបន្ទាប់ពីលោក រួមនឹងសហស្ថាបនិក បានលក់ក្រុមហ៊ុន Broadcast.com ទៅឱ្យ Yahoo ក្នុងតម្លៃ5.7ពាន់លានដុល្លារកាលពីឆ្នាំ1999។ ពេលនោះ លោក Mark Cuban មានអាយុ40ឆ្នាំ។ បច្ចុប្បន្ន លោកមានវ័យ61ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបប្រមាណជា4.3ពាន់លានដុល្លារអាមេរិក។
មហាសេដ្ឋីរូបនេះ បានឱ្យដឹងថា ការយល់ឃើញថា “នៅពេលក្លាយជាអ្នកមាន និងអាចរក្សាបានកេរ្តិ៍ឈ្មោះជាកំពូលអ្នកមាន គឺជាដើមហេតុដែលនាំឱ្យអ្នកផ្លាស់ប្ដូរច្រើន” នោះគឺជារឿងមួយប្រកបដោយកំហុសឆ្គង។ លោកថ្លែងថា “គ្រប់គ្នាគិតថា ប្រាក់ធ្វើឱ្យអ្នកប្ដូរផ្លាស់។ អាចបែបនេះនៅក្នុងជ្រុងផ្សេងៗណាមួយ ប៉ុន្តែមិនដូច្នោះទាំងស្រុងនោះឡើយ”។
មុនពេលមានទ្រព្យស្ដុកស្ដម្ភដូចបច្ចុប្បន្ន លោក Cuban ក៏ធ្លាប់ឆ្លងកាត់អារម្មណ៍ដែលកើតមាននៅក្នុងគ្រាដែលលោកត្រូវក្ស័យធនពិតប្រាកដ កាលពីលោកនៅមានអាយុ20ឆ្នាំ។ លោកមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបើកគណនីធនាគារ និងត្រូវស្នាក់នៅក្នុងផ្ទះជួលជាមួយនឹងមនុស្ស5នាក់ផ្សេងទៀត ដោយរួមគ្នាបង់ថ្លៃផ្ទះជួល600ដុល្លារអាមេរិកក្នុងមួយខែ។ កាលណោះ លោកត្រូវគេងនៅលើឥដ្ឋ ឬកៅអីទៀតផង។
ប៉ុន្តែ លោកថ្លែងថា លោកនៅតែមានការរីករាយ និងមានសុភមង្គល។ “សូម្បីតែនៅពេលបានក្លាយជាមនុស្សក្ស័យធនពិតប្រាកដ និងត្រូវដេកនៅលើឥដ្ឋក៏ដោយ ខ្ញុំនៅតែសប្បាយរីករាយ និងដើរលេងជាមួយមិត្តភក្តិដូចធម្មតា។ ហើយអ្នកទាំងនោះ ពេលនេះនៅតែជាមិត្តភក្ដិរបស់ខ្ញុំ”។
ក៏ប៉ុន្តែ ការស្វែងរកវិធីដើម្បីកែសម្រួលទំនាក់ទំនងក្រោយពីបានក្លាយជាអ្នកមាន គឺត្រូវការពេលវេលាខ្លះ។ លោក Cuban ថ្លែងថា “អ្វីដែលពិបាកបំផុត នោះគឺទំនាក់ទំនងជាមួយមិត្តភក្ដិចាស់ៗ ដោយសារតែពួកគេសង្ស័យថា អ្នកប្រហែលជាលែងដូចមុនទៀតហើយ។ លោក Cuban ប្រាប់ថា បញ្ហានេះគឺទាមទារពេលវេលាដើម្បីកែលម្អស្ថានការណ៍ ប៉ុន្តែ លោកបញ្ជាក់ថា “មិត្តពិតប្រាកដ នឹងនៅតែជាមិត្តនឹងគ្នាដដែលទេ”។
ពិតណាស់ នៅពេលរកប្រាក់បានច្រើន ពិសេសគឺនៅពេលអ្នកចាប់ផ្ដើមដោយចំណុចសូន្យ អ្នកប្រាកដជាផ្លាស់ប្ដូរចំណុចខ្លះៗ។ លោក Cuban ឧទាហរណ៍ថា ប្រាក់ធ្វើឱ្យលោកមានទំនុកចិត្ត និងស្វាហាប់ជាងមុន។ លោកថា “ខ្ញុំមានសំណាងព្រោះលែងមានអារម្មណ៍តានតឹងជាមួយនឹងវិក្កយបត្រនានា និងមិនព្រួយខ្លាចគេផ្ដាច់ភ្លើងជាដើម ដែលជាប្រការដែលខ្ញុំធ្លាប់បានជួបកាលពីអតីតកាល។ ខ្ញុំមិនបារម្ភអំពីបញ្ហាប្រាក់កាស និងអាចបង្កើតកាលបរិច្ឆេទផ្ទាល់ខ្លួនបាន”។
ជាងនេះទៀត លោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើឱ្យជីវភាពល្អប្រសើរជាងមុន។ អ្វីដែលលោកត្រូវចំណាយប្រាក់ដំបូងគេបន្ទាប់ពីបានក្លាយជាមហាសេដ្ឋី នោះគឺដំណើរទេសចរណ៍ និងពិធីជប់លៀងនៅ Las Vegas ការសម្រាកលម្ហែកាយនៅលើកោះ និងទិញភូមិគ្រឹះមួយកន្លែង។
លោក Cuban បន្តថា “មិនថាទំហំទ្រព្យធំកម្រិតណាទេ ការមានប្រាក់ច្រើនជាងពេលដែលអ្នកកំពុងក្ស័យធនក៏អាចធ្វើឱ្យអ្នកប្ដូរផ្លាស់ត្រង់ចំណុចមួយចំនួន។ ប៉ុន្តែ មិនអាចផ្លាស់ប្ដូរអ្នកបានច្រើននោះដែរ ហើយខ្ញុំគិតថា នេះ (ការយល់ថា ប្រាក់ធ្វើឱ្យមនុស្សផ្លាស់ប្ដូរច្រើន) គឺជាការយល់ខុសធំបំផុត”។
បច្ចុប្បន្ន បន្ទាប់ពីរយៈពេល2ទសវត្សរ៍ដែលមានវត្តមាននៅក្នុងបញ្ជីឈ្មោះអ្នកមាន លោកនៅតែមិនអាចជឿបានថា ខ្លួនជាអ្នកមាន។ មហាសេដ្ឋីរូបនេះថ្លែងថា “សូម្បីតែដល់ពេលនេះ រាល់ថ្ងៃ ពេលនឹកឃើញអំពីរឿងមានបាន ខ្ញុំតែងតែគិតថា ធ្វើម៉េចបានជារឿងនេះកើតឡើង? ម៉េចក៏អាចយ៉ាងនេះបាន? ខ្ញុំគ្រាន់តែចង់កោតសរសើរប្រការនេះ និងមិនចាត់ទុកថាវាជារឿងជាក់ស្ដែង ហើយក៏មិនបណ្ដោយឱ្យវា (ភាពមានបាន) ធ្វើឱ្យមានផលវិបាកដល់ខ្ញុំ និងកូនៗរបស់ខ្ញុំដែរ”។
លោក Mark Cuban គឺជាអ្នកជំនួញជនជាតិអាមេរិកាំង ជាមនុស្សល្បីឈ្មោះក្នុងទូរទស្សន៍ ជាម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ និងជាអ្នកវិនិយោគម្នាក់។ លោកជាម្ចាស់ក្លិប Dallas Mavericks និងជាថៅកែម្នាក់របស់ក្រុមហ៊ុន 2929 Entertainment ព្រមទាំងជានាយកទូរទស្សន៍ AXS TV ផងដែរ៕
ប្រភព៖ CNBC