កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសនានាក្នុងតំបន់ដែលមានលទ្ធភាពលក់ឥណទានកាបូក្នុងទីផ្សារស្ម័គ្រចិត្ត ដោយគម្រោងនេះជាគម្រោងយ៉ាងល្អដើម្បីជំរុញឱ្យមានការអភិរក្សព្រៃឈើ និងទទួលយកផលប្រយោជន៍ប្រកបដោយនិរន្តរភាព។
ឯកឧត្តម នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ចាប់ពីឆ្នាំ 2016 រហូតដល់ឆ្នាំ 2020 កម្ពុជាបានលក់ឥណទានកាបោនក្នុងទីផ្សារស្ម័គ្រចិត្តបានចំនួនប្រមាណ 11.6លានដុល្លារ បើគិតជាបរិមាណកាបោនវិញគឺជិត 10លានតោន។ ឯកឧត្តមថា ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងការចូលរួមនៅក្នុងការអភិវឌ្ឍសហគមន៍ការពារធនធានធម្មជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានខាងលើបានបញ្ជាក់ផងដែរថា តំបន់ដែលកម្ពុជាបានលក់ឥណទានកាបូននេះមានចំនួន 3កន្លែងគឺ ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។ ការលក់ឥណទានកាបូននេះ មានន័យថាយើងប្រើប្រាស់អស់លទ្ធភាពនូវសក្តានុពលរបស់ព្រៃឈើ ព្រោះជាធម្មតាព្រៃបានបញ្ចេញអ៊ីស៊ីសែន និងស្រូបទៅវិញនូវកាបូន ដែលការស្រួបនេះហើយដែលយើងអាចវាស់ និងទាញយកសម្រាប់លក់ក្នុងទីផ្សារស្ម័គ្រចិត្ត។ ហេតុនេះដើម្បីអាចលក់កាបូនក្នុងទីផ្សារស្ម័គ្រចិត្តបាន លុះត្រាតែយើងខិតខំប្រឹងប្រែងក្នុងការអភិរក្សា និងថែរក្សាធនធានធម្មជាតិ ជាពិសេសប្រព័ន្ធអេកូឡូស៊ី៕