ក្រោយពីតារាសម្ដែងស្រី ម៉ៅ គីមធីតា ទទួលបានការគាំទ្រលើការសម្ដែងនៅក្នុងរឿង «មន្ដស្នេហ៍លេខា» រួចមក ថ្មីៗនេះក៏ស្រាប់តែលេចឮថា ជីវិតក្រៅឆាករបស់នាងបានធ្វើឱ្យមហាជនចាប់អារម្មណ៍មិនតិចឡើយ ដោយសារតែនាងជាតារាសម្ដែងនិយមលេងល្បែងស្នេហាច្រើននាក់។
ថ្មីៗនេះមានការលើកឡើងថា តារាសម្ដែងញញឹមស្រស់ថ្ពាល់ខួចរូបនេះមានទំនាក់ទំនងស្នេហាស្ងាត់ៗជាមួយតារាសិល្បៈ3រូបក្នុងពេលតែមួយ គឺលោក ហាក់ សុធារិទ្ធ ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» លោក ហង្ស សម្បើមស័ក្តិ និងលោក គូម៉ា។
ជួបកញ្ញា ម៉ៅ គីមធីតា នាងបានលើកឡើងទាំងសំដីហួសចិត្ដថា៖ «ងាប់ហើយបង! នរណាទៅមានសង្សារមួយឆ្នាំដល់ទៅ3នាក់នោះ។ គ្មានទេ! ពួកយើងស្រឡាញ់រាប់អានគ្នាជាមិត្ដភ័ក្ដិតែប៉ុណ្ណោះ។ ខ្ញុំទទួលស្គាល់ថា តាមរយៈភាពស្និទ្ធស្នាលរបស់ខ្ញុំជាមួយពួកគាត់កន្លងមក ពិតជាបានធ្វើឱ្យមហាជនមានការយល់ច្រឡំក៏ពិតមែន ក៏ប៉ុន្ដែខ្ញុំចង់បញ្ជាក់ថា ខ្ញុំរាប់អានពួកគាត់ដូចជាបងប្អូនទេ»។
តារាសម្ដែងរូបនេះបន្ដថា មូលហេតុដែលធ្វើឱ្យមានការយល់ច្រឡំបែបនេះ ដោយសារតែនាងធ្លាប់រួមការងារជាមួយតារាប្រុសៗទាំង3រូបនោះ។ នាងជានារីម្នាក់ចូលចិត្ដលេងសើចច្រើន និងរាប់អានពិតប្រាកដ ដូច្នេះពេលចប់ពីការងារ ឬពេលទំនេរក៏ឧស្សាហ៍ចេញទៅញ៉ាំអាហារខាងក្រៅជាមួយគ្នាដោយមិនបានគិតថា ខ្លាចគេមើលឃើញ ឬប៉ះពាល់ដល់ប្រជាប្រិយភាពអ្វីទេ ដូច្នេះហើយទើបធ្វើឱ្យមហាជនមានការយល់ច្រឡំ។ ធីតា បញ្ជាក់ថា៖ «នៅពេលមានការលើកឡើងបែបនេះ ខ្ញុំក៏មានការបារម្ភដែរ ព្រោះខ្ញុំជាស្រ្ដី លោតែមានគេថា ខ្ញុំជាស្រ្ដីមានចិត្ដរាយមាយ ចប់បណ្ដោយ ខ្ញុំខូចឈ្មោះអស់»។
ទោះយ៉ាងណាកញ្ញា ម៉ៅ គីមធីតា បញ្ជាក់ថា ចំពោះក្រុមគ្រួសាររបស់នាងដែលធ្លាប់តែរិតត្បិតជាមួយរឿងផ្ទាល់ខ្លួននាងនោះ ពេលនេះពិតជាគ្មានបញ្ហាអ្វីឡើយ ព្រោះនាងបានបកស្រាយប្រាប់ឪពុកម្ដាយនាងអស់ហើយ។ ម្យ៉ាងនាងក៏ទទួលបានការទុកចិត្ដពីក្រុមគ្រួសាររួចទៅហើយដែរ ខុសពីពេលនាងចូលសិល្បៈដំបូងៗដែលឪពុកម្ដាយតែងតែបារម្ភខ្លាចកូនចាញ់បោកគេ៕