ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ ក៏កម្ពុជាជានិច្ចកាលនៅតែបន្តទទួលគម្រោងអភិវឌ្ឍនានាពីក្រុមហ៊ុនឯកជននានាលើវិស័យជាច្រើនសម្រាប់នាំចេញ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
នៅក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC បានអនុម័ត្តគម្រោងសំខាន់ៗចំនួន4 លើទំហំទឹកប្រាក់ប្រមាណ 38.6លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះមានដូចជា៖
1.ក្រុមហ៊ុន HE CHENG XING PACKAGING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.3លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 180កន្លែង។
2.ក្រុមហ៊ុន KANG HWA E & C (CAMBODIA) CO., LTD គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (គោ មាន់ ទា) និងរោងចក្រកែច្នៃ និងបង្កើតស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង 4.5មេហ្គាវ៉ាត់ (សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ 31.7លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 144កន្លែង។
- ក្រុមហ៊ុន CORIUM LEATHER (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ 2.5លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 291កន្លែង។
- ក្រុមហ៊ុន IGTM (CAMBODIA) CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ 2.1លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន 396កន្លែង៕