Leicester City ក្លិបបាល់ទាត់ក្នុងក្របខ័ណ្ឌលីកកំពូលអង់គ្លេស English Premier League បានប្រកាសចេញនូវឯកសណ្ឋានថ្មីរបស់ខ្លួនហើយ កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមសម្ពោធពីសំណាក់នាយកក្រុមហ៊ុន King Power របស់ថៃ ដែលជាម្ចាស់ក្លិបនេះផ្ទាល់តែម្តង ថែមទាំងមានការចូលរួមពីសំណាក់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូឆា ទៀតផង។
ក្រៅពីនេះ ឯកសណ្ឋាន Leicester ចំនួន 1ម៉ឺនឈុត នឹងត្រូវដាក់លក់នៅក្នុងប្រទេសថៃ ក្នុងតម្លៃ 2,500បាត ហើយទឹកប្រាក់ទាំងនោះ នឹងត្រូវយកទៅទ្រទ្រង់ដល់ការស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-19 នៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ដែរថា គម្រោងនេះត្រូវបានក្រសួងសុខាភិបាលថៃ សហការជាមួយនឹងម្ចាស់ក្លិបនេះដែលជាជនជាតិថៃ ដោយបានយល់ព្រមដាក់នូវពាក្យស្លោក Smile With Thailand ជំនួសឱ្យការដាក់និមិត្តសញ្ញារបស់ក្រុមហ៊ុនថៃមួយនេះនៅលើឯកសណ្ឋានរបស់ខ្លួន៕