អាជ្ញាធរវៀតណាម បានប្រកាសពីករណីឆ្លងកូវីដ-19 ដែលបានកើនដល់ 420នាក់ហើយ មានអ្នកជាសះស្បើយចំនួន 350នាក់ និងមិនទាន់មានអ្នកស្លាប់ម្នាក់នៅឡើយ តែទោះបីជាបែបនេះក្តី ក៏ការប្រកួតកីឡា និងសកម្មភាពជួបជុំនានារួមទាំងការប្រកួតបាល់ទាត់ផងនោះ ត្រូវបានអាជ្ញាធរប្រកាសផ្អាកសាជាថ្មី ក្រោយពីការរកឃើញករណីឆ្លងថ្មីនៅក្នុងប្រទេសវៀតណាម ទៅលើបុរសម្នាក់ដែលមិនបានឆ្លងកាត់ព្រំដែន និងប៉ះពាល់ជាមួយអ្នកមានសញ្ញាកូវីដ-19 អ្វីបន្តិចឡើយ។
គណៈកម្មការលីកបាល់ទាត់អាជីពរបស់វៀតណាម (VPF) បានធ្វើការប្រជុំបន្ទាន់មួយនៅព្រឹកថ្ងៃទី២៦ ខែកក្កដា។ ខ្លឹមសារនៃកិច្ចប្រជុំ គឺទាក់ទងទៅនឹងការព្យួរលីកបាល់ទាត់វៀតណាម ទាំងលីកកំពូល V.League, លីកទី2 National First Division និងពានរង្វាន់លំដាប់ទី2 ប្រចាំប្រទេស National Cup។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីកកំពូលវៀតណាម (V-League 1) បានឈានមកដល់សប្តាហ៍ទី12ហើយ ដោយនឹងត្រូវប្រកួតនៅថ្ងៃទី29 និង30 ខែកក្កដា ឆ្នាំ2020ខាងមុខនេះ។ ឆ្លងកាត់ 11ប្រកួតមកនេះ ក្លិប Sái Gon នៅឈរលើកំពូលតារាង ខណៈដែល Viettel នៅលេខ2 ហើយ Than Quán Ninh នៅលេខ3៕