នៅពេលកូនតូចរបស់អ្នកម្តាយអាយុឈានចូលដល់វ័យ 2 ខួប អំឡុងពេលនេះអាចរាប់បានថាជាចំណុចផ្លាស់ប្តូរសំខាន់ដែលអ្នកម្តាយត្រូវតែទប់ទល់ និងជំរុញវិវឌ្ឍនាការរបស់គេ ព្រោះកូនតូចរបស់អ្នកចាប់ផ្តើមចាប់អារម្មណ៍លើអ្វីៗជុំវិញខ្លួនច្រើនឡើងហើយ និងចាប់ផ្តើមមានភាពចង់រៀនយល់ដឹងពីអ្វីថ្មីៗ ដែលអាចនឹងធ្វើឱ្យអ្នកម្តាយត្រូវតែមើលថែទាំខ្លាំងជាពិសេសជាងមុន។ ថ្ងៃនេះ ឡារ៉ែន សូមនាំយកព័ត៌មានពាក់ព័ន្ធនឹងវិវឌ្ឍនាការរបស់ក្មេងវ័យ 2 ខួប និងវិធីជំរុញវិវឌ្ឍនាការរបស់ក្មេងក្នុងវ័យនេះមកជម្រាបជូនអ្នកម្តាយទាំងអស់ឱ្យបានជ្រាប…។
ផ្នែករាងកាយ
ក្មេងវ័យនេះនឹងចាប់ផ្តើមហ្វឹកហាត់ជំនាញខាងកាយបែបពិតប្រាកដហើយ ដោយពួកគេគួរតែចាប់ផ្តើមហាត់រត់ ឡើង និងចុះជណ្តើរបានដោយខ្លួនឯង ទាត់ ឬបោះ និងទទួលកូនបាល់ ឬអាចហាត់តោងឡើងទីខ្ពស់បានហើយ តែត្រូវតែស្ថិតនៅក្រោមការមើលថែទាំរបស់អ្នកម្តាយ និងត្រូវតែប្រាកដក្នុងចិត្តថា នៅត្រង់ចំណុចដែលកូនហាត់លេងតោងឡើងនោះមានសុវត្ថិភាព។ អំឡុងពេលនេះគេនឹងព្យាយាមរៀនយល់ដឹងក្នុងការធ្វើអ្វីៗច្រើនឡើង ដែលវាអាចនឹងធ្វើឱ្យអ្នកម្តាយមានការកង្វល់ច្រើន តែចូរកុំទៅបញ្ឈប់ការរៀនយល់ដឹងរបស់គេធ្វើអី តែចូព្យាយាមតាមសង្កេតមើល កុំឱ្យមានគ្រោះថ្នាក់តែប៉ុណ្ណឹងទៅបានហើយ។
ផ្នែកសង្គម
អំឡុងអាយុ 2 ខួបនេះឯង គឺជាវ័យដែលទើបតែចាប់ផ្តើមស្គាល់សង្គមជុំវិញខ្លួន ពួកគេអាចនឹងចាប់អារម្មណ៍នូវអ្វីដែលក្មេងៗដទៃទៀតធ្វើ ឬអាចនឹងមានអារម្មណ៍រំភើបញាប់ញ័រខ្លាំងដែលបានមកនៅរួមជាមួយក្មេងដទៃទៀត ដូច្នេះអ្នកម្តាយគួរតែនាំគេចេញទៅជួបក្មេងៗឯទៀតនៅក្រៅផ្ទះ តែកុំអាលនឹកសង្ឃឹមថា កូនត្រូវតែទៅលេងជាមួយពួកម៉ាកឱ្យបានក្នុងវ័យនេះនោះ គួរបណ្តោយឱ្យគេរៀនយល់ដឹង និងធ្វើតាមចិត្តខ្លួនឯង កុំអាលទៅបង្ខំគេខ្លាំងជ្រុលពេក តែបើគេលេងរពឹសរញេរញ៉ៃខ្លាំងពេក ក៏ត្រូវតែប្រញាប់បង្រៀនដែរថា តើបែបណាគួរធ្វើ និងបែបណាដែលមិនគួរធ្វើ។
ផ្នែកការទំនាក់ទំនង
នៅពេលកូនជាទីស្រឡាញ់ចូលដល់វ័យ 2 ខួបហើយ គួរបង្ហាត់ឱ្យគេនិយាយបានយ៉ាងតិចបំផុត 50 ពាក្យជាមធ្យម ឬបង្ហាត់ឱ្យគេរៀននិយាយ 2 – 3 ពាក្យ តែជាប្រយោគ។ វិធីនេះនឹងធ្វើឱ្យគេនិយាយបានពូកែ និងមិនចាំបាច់ហ្វឹកហាត់ច្រើននៅពេលចូលវ័យ 3ឆ្នាំ និងមិនគួរនិយាយពាក្យណាដែលមិនល្អចេញមកឡើយ ព្រោះក្មេងក្នុងវ័យនេះកំពុងតែចូលចិត្តនិយាយត្រាប់តាមខ្លាំងណាស់។
ផ្នែកកម្មវិធីការគិត
ក្មេងវ័យនេះនឹងចាប់ផ្តើមស្គាល់អារម្មណ៍ខឹង មួម៉ៅ និងបញ្ចេញទង្វើច្រងេងច្រងាងចេញមកហើយ ដោយអាចកើតឡើងពីការមិនពេញចិត្ត ការខកបំណង ឬអាចកើតចេញពីការងងុយគេង ធុញ ឬអផ្សុក តែមិនអាចប្រាប់ចេញមកជាពាក្យសំដីឱ្យមនុស្សធំយល់បាន ដូច្នេះអ្នកម្តាយគួរផ្តល់ពេលវេលាឱ្យគេបានហាត់រៀន ឱ្យគេចេះរង់ចាំចំពោះអ្វីដែលខ្លួនត្រូវការ ដោយមិនបញ្ចេញអាការខឹងមួម៉ៅច្រឡោតតោតតូងជាមុនសិន។ ពេលគេរៀនយល់ដឹង និងធ្វើតាមបានហើយ សឹមនាំចេញទៅលេងនៅក្នុងទីសាធារណៈ ក្រៅពីនេះ អ្នកម្តាយគួរបង្ហាត់ឱ្យចេះធ្វើតាមបញ្ជាងាយៗ ដំបូងៗដល់គេផង ដូចជា ការដាក់ស្បែកជើងឱ្យត្រូវកន្លែង ឬចាប់យកពណ៌ផ្សេងៗដែលអ្នកម្តាយបង្ហាត់ជាដើម។
ការបង្ហាត់កូនសម្លាញ់ឱ្យល្អតាំងពីពេលនេះទៅ តទៅមុខនៅពេលគេធំធាត់ឡើងចូលដល់វ័យ 3 ឆ្នាំ អ្នកម្តាយនឹងមិនចាំបាច់បង្ហាត់បង្រៀនអ្វីច្រើននាំតែហត់នឿយទៀតទេ និងថែមទាំងជាការហ្វឹកហាត់ភាពត្រៀមខ្លួនជាស្រេចដល់កូនមុនចូលសាលារៀនទៀតផង៕