មាសពិភពលោកក្នុង1អោននាព្រឹកនេះបានឡើងថ្លៃ20ដុល្លារបន្ថែមទៀត នាំឱ្យតម្លៃឡើងដល់1,926ដុល្លារ ដែលនេះជាកំណត់ត្រាថ្មី និងខ្ពស់ជាងកំណត់ត្រាឆ្នាំ2011ទៅទៀត។
បើកដំណើរការជួញដូរនៅព្រឹកនេះ (27កក្កដា) និន្នាការកើនឡើងនៃតម្លៃមាសពិភពលោក កាន់តែបង្កើនល្បឿន។ បច្ចុប្បន្ន មាសលក់ប្រគល់ភ្លាមៗមានតម្លៃ1,946ដុល្លារក្នុង1អោន ពោលគឺខ្ពស់ជាតម្លៃ1,921ដុល្លារនៃកំណត់ត្រាខ្ពស់បំផុតកាលពីខែកញ្ញា2011។ ចំណែកមាសអនាគតក៏បានបង្កើតកំណាត់ត្រាថ្មី ដោយមានតម្លៃ19,46ដុល្លារក្នុង1អោន។
Gavin Wendt អ្នកវិភាគជាន់ខ្ពស់មកពីក្រុមហ៊ុន MineLife បានអះអាងថា “កំណើនដ៏ខ្លាំងក្លានេះមិនអាចគេចបាននៅពេលយើងកំពុងឆ្ពោះទៅកាន់ដំណាក់កាលជិតដូចទៅនឹងសម័យក្រោយវិបត្តិហិរញ្ញវត្ថុសកល។ មានន័យថា តម្លៃមាសកើនឡើងខ្ពស់បំផុតនៅពេលនាយកដ្ឋានប្រព័ន្ធបម្រុងសហព័ន្ធ (Fed) របស់ហសរដ្ឋអាមេរិក បញ្ចេញខ្ទង់ប្រាក់ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ រូបិយវត្ថុដុល្លារអាមេរិកចុះខ្សោយ និងអត្រាការប្រាក់ពិតស្ថិតក្រោមសូន្យ កាន់តែជួយដល់លោហធាតុមានតម្លៃនេះ (មាស)។
តម្លៃមាសឡើងថ្លៃខ្ពស់ខ្លាំងកាលពីពេលថ្មីៗនេះ ក៏ដោយសារភាពតានតឹងរវាងចិនជាមួយនឹងសហរដ្ឋអាមេរិក។ កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានបន្តរិះគន់ប្រទេសចិន។ លោកសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីងតោននិងប្រទេសជាសម្ព័ន្ធមិត្ត ត្រូវតែប្រើប្រាស់ “វិធានការធ្ងន់ធ្ងរ និងច្ឆៃប្រឌិតជាងមុន” ដើម្បីបង្ខំឱ្យទីក្រុងប៉េកាំងផ្លាស់ប្ដូរឥរិយាបទ។
កាលពីម្សិលមិញ (26កក្កដា) មន្ត្រីម្នាក់មកពីសេតវិមានបានឱ្យដឹងថា សេតវិមាន និងតំណាងរាស្ត្រនៃសភាជាន់ខ្ពស់មកពីបក្សសាធារណរដ្ឋ “សម្រេចបានកិច្ចព្រមព្រៀងនៅលើគោលការណ៍” ស្ដីអំពីកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចជាតិបន្ទាប់នៅក្នុងវិបត្តិសុខភាពនេះ។
លោហធាតុមានតម្លៃ ត្រូវបានគេចាត់ទុកថាជាទ្រព្យដែលមានសុវត្ថិភាពនៅក្នុងកាលៈទេសដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាអស្ថិរភាពសង្គម សេដ្ឋកិច្ច អតិផរណា និងបញ្ហារូបិយប័ណ្ណធ្លាក់ថ្លៃ។ គណៈកម្មធិការជួញទំនិញអនាគតរបស់សហរដ្ឋអាមេរិក (CFTC) កាលពីចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា ក្រុមអ្នកវិនិយោគកំពុងតែដាក់ការភ្នាល់ទៅលើតម្លៃលោហធាតុមាសនិងលោហធាតុប្រាក់ដែលកំពុងឡើងថ្លៃ។
អ្នកវិភាគសេដ្ឋកិច្ចមកពីក្រុមហ៊ុន Goldman Sachs បានព្យាករថា មាសអាចនឹងឡើងថ្លៃដល់2,000ដុល្លារក្នុងរយៈពេល12ខែខាងមុខ។ ចំណែកក្រុមហ៊ុន Citigroup ក៏យល់ថា លទ្ធភាពដែលតម្លៃមាសអាចឡើងថ្លៃដល់2,000ដុល្លារក្នុង1អោននៅចុងឆ្នាំ2020នេះ គឺ30%។
Dollar Index បច្ចុប្បន្នបានធ្លាក់ចុះ0.1% ដែលនេះគឺជាកម្រិតក្បែរបាតក្នុងរយៈពេល2ឆ្នាំមកនេះបើធៀបជាមួយនឹងរូបិយប័ណ្ណធំៗដទៃទៀត។ សន្ទស្សន៍អនាគតនៃផ្សារមូលបត្ររបស់សហរដ្ឋអាមេរិកកំពុងតែដាំក្បាលចុះ។
ពិន្ទុផ្សារហ៊ុនមួយចំនួននៅអាស៊ីនាព្រឹកនេះក៏បានធ្លាក់ចុះ ដោយសារតែមានការព្រួយបារម្ភចំពោះបញ្ហាអស្ថិរភាពរវាងមហាយក្សចិននិងអាមេរិកាំង៕
ប្រភព៖ Reuters/Kitco