ទម្ងន់របស់ទារកនៅក្នុងគភ៌ នឹងបញ្ជាក់ប្រាប់ថា កូនក្នុងផ្ទៃរបស់អ្នកនោះរឹងប៉ឹងមាំមួនប៉ុនណា និងគួរបង្កើនការបំប៉នគភ៌យ៉ាងណាដើម្បីឱ្យទារកក្នុងផ្ទៃមានទម្ងន់ខ្លួនត្រឹមត្រូវតាមក្បួន ដូច្នេះទើប រឿងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ជារឿងសំខាន់មួយដែលស្រ្តីមានគភ៌គួរតែដឹង។
ទម្ងន់ខ្លួនទារកក្នុងគភ៌ ក្នុងត្រីមាសនីមួយៗដែលស្រ្តីមានគភ៌គួរដឹងមានដូចតទៅ ៖
ត្រីមាសដំបូង ៈ ចាប់ផ្តើមតាំងពី 8 សប្តាហ៍ – 12 សប្តាហ៍ ទម្ងន់ខ្លួនទារកនឹងស្ថិតក្នុងទម្ងន់ 1 – 15 ក្រាម និងទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងជាបណ្តើរៗរហូតដល់សប្តាហ៍ទី 16។
ត្រីមាសទី 2 ៈ ចាប់ផ្តើមពីអំឡុងសប្តាហ៍ទី 17 – 20 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងម្តងៗ 50 ក្រាម និងនៅពេលផុតត្រីមាសនេះ ទារកនឹងមានទម្ងន់ខ្លួនប្រមាណជា 600 ក្រាម។
ត្រីមាសទី 3 ៈ ក្នុងអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះ ទម្ងន់ខ្លួនរបស់ទារកនឹងចាប់ផ្តើមកើនឡើងខ្លាំងដល់ទៅ 6 ដងនៃត្រីមាសទី 2 ទម្ងន់ខ្លួនរបស់ទារកនឹងកើនឡើងក្នុងមួយសប្តាហ៍ 200 ក្រាម និងកើតឡើងជារឿយៗរហូតដល់ទម្ងន់ប្រមាណជា 3400 – 3700 ក្រាមនៅពេលគ្រប់កំណត់ប្រសូត។
ទម្ងន់ខ្លួនរបស់ទារកច្រើន ឬតិចជ្រុលពេក ក៏អាចប្រាប់ពីភាពខុសប្រក្រតីរបស់ទារកក្នុងគភ៌បានដូចខាងក្រោមនេះ ៈ
ទម្ងន់ខ្លួនទារកតិចជ្រុលពេក ៈ អាចបណ្តាលមកពីភាពខុសប្រក្រតីរបស់ខ្រូម៉ូហ្សូម ឬសុកមានបញ្ហា ឬអាចបណ្តាលមកពីទារកខ្លួនឯង ដែលអាចធ្វើឱ្យការបញ្ជូនអុកស៊ីហ្ស៊ែន ឬសារធាតុអាហារឆ្ពោះទៅទារកខុសប្រក្រតី ធ្វើឱ្យទារកបានទទួលសារធាតុអាហារមិនបានគ្រប់គ្រាន់តាមតម្រូវការ ហុចផលឱ្យទារកមានទំហំខ្លួនតូច ទម្ងន់ខ្លួនតិច ដែលបើសិនជាមិនបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវតាមវិធីទេនោះ អាចធ្វើឱ្យទារកស្លាប់បាន។ តែបើបណ្តាលមកពីខ្លួនស្រ្តីមានគភ៌វិញ អាចដោយសារតែកើតមានអាការគភ៌មានជាតិពុល លើសឈាម ឬទទួលសារធាតុអាហារមិនគ្រប់គ្រាន់ ជាពិសេសប្រូតេអ៊ីន។
ទារកមានទម្ងន់ខ្លួនច្រើនជ្រុលពេក ៈ បញ្ហាច្រើនតែបណ្តាលមកពីការដែលស្រ្តីមានគភ៌ញ៉ាំច្រើនជ្រុលពេក ធ្វើឱ្យកូនក្នុងផ្ទៃមានទម្ងន់ខ្លួនច្រើន ហើយស្រ្តីមានគភ៌ខ្លួនឯងថែមទាំងប្រថុយប្រថានក្នុងការកើតរោគទឹកនោមផ្អែមខណៈពេលមានគភ៌ទៀតផង។ ក្រៅពីនេះនៅពេលដល់ពេលប្រសូត អាចនឹងធ្វើឱ្យពិបាកប្រសូត ដោយអាចនឹងត្រូវប្រើឧបករណ៍ផ្សេងៗជួយក្នុងការសម្រាល ដូចជា ប្រដាប់ចាប់គៀប ឬបើទារកខ្លួនធំខ្លាំងពេក អាចនឹងធ្វើឱ្យស្បូនរហែក ឬអាចត្រូវធ្វើការប្រសូតដោយការវះក៏មាន។
ទារកដែលកើតមកមានទម្ងន់ខ្លួនច្រើនតាំងពីដំបូង នឹងមានឱកាសកើតរោគធាត់នាពេលអនាគតបាន ដោយសារតែកោសិកាខ្លាញ់ក្នុងរាងកាយមានទំហំធំមកតាំងពីទើបនឹងកើតភ្លាមហ្នឹងឯង៕