OnePlus Nord បានបង្ហាញរូបរាងជាផ្លូវការហើយ ជាស្មាតហ្វូនតម្លៃស្រាលៗថ្មី 1ទៀតរបស់ក្រុមហ៊ុន OnePlus ប៉ុន្តែមានលក្ខណសម្បត្តិមិនចាញ់ស្មាតហ្វូនតម្លៃថ្លៃប៉ុន្មានឡើយ។
OnePlus Nord បាននពាំនាំចំណុចទាក់ទាញរបស់ OnePlus 8 ដែលក្នុងនោះមានដូចជា អេក្រង់ 90Hz Fluid AMOLED និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge 30T រួមជាមួយកាមេរ៉ាមេទំហំ 48MP ផងដែរ។
OnePlus Nord មានអេក្រង់ទំហំ 6.44អ៊ីញ ដែលអាចបង្ហាញរូបភាពក្នុងកម្រិត 1080×2400 ភិកសែល ការពារដោយកញ្ចក់ Gorilla Glass 5 ហើយនៅលើអេក្រង់នេះដែរ ក៏មានបង្កប់ទ្រនាប់ស្គែនម្រាមដៃផងដែរ។ នៅផ្នែកលើខាងឆ្វេង នៃអេក្រង់ គឺមានកាមេរ៉ា Selfie ចំនួន 2គ្រាប់ ដែលកាមេរ៉ាមួយមានទំហំ 32MP និង1ទៀតមានទំហំ 8MP ជាប្រភេទកាមេរ៉ា Ultrawide អាចថតរូបភាពបានទំហំ 105ដឺក្រេ។
នៅផ្នែកខាងក្រោយ មានកាមេរ៉ាចំនួន 4គ្រាប់តម្រៀបគ្នាជាជួរ ដែលកាមេរ៉ាមេទំហំ 48MP មាន Aperture f/1.75 និងមានមុខងារ OIS/EIS មកជាមួយ។ កាមេរ៉ានេះ គឺដូចគ្នានឹងកាមេរ៉ាដែលគេប្រើនៅលើ OnePlus 8ដែរ។ ចំណុចខុសគ្នាធំមួយ គឺកាមេរ៉ានេះអាចថតវីដេអូ 4K បានត្រឹមតែ 30fps ប៉ុណ្ណោះ។ ចូលមកដល់កាមេរ៉ាបន្ទាប់ទៀត គឺជា Ultrawide ទំហំ 8MP ដែលអាចថតរូបភាពទំហំ 119ដឺក្រេ អមជាមួយកាមេរ៉ា Macro ទំហំ 2MP និងចុងក្រោយជាកាមេរ៉ាវាស់ជម្រៅទំហំ 5MP។
ស្មាតហ្វូននេះដំណើរការដោយបន្ទះឈីប Snapdragon 765G ដែលមានភ្ជាប់មកជាមួយនូវសេវា 5G ដែលអមជាមួយប្រព័ន្ធប្រតិបត្តិការ Android10។ ថ្មរបស់វាមានទំហំ 4115mAh ដែលអាចសាកត្រឹម 30នាទី នឹងបានថាមពលថ្ម 70%។ យ៉ាងណាក្ដី វាមិនមានអាវក្រោះការពារទឹក និងធូលីដី ដូច OnePlus 8 ទេ។
OnePlus Nord នឹងដាក់លក់នៅក្នុងតំបន់ 2 មុនគេ គឺអាស៊ី និងអឺរ៉ុប ចាប់ពីថ្ងៃទី4 ខែសីហា ដែលនៅអាស៊ី (ឥណ្ឌា) មានតម្លៃចាប់ពីប្រមាណ 380ដុល្លារ និងនៅអឺរ៉ុបមានតម្លៃចាប់ពីប្រមាណ 461ដុល្លារ ជាតម្លៃសម្រាប់ប្រភេទ RAM 8GB/ROM 128GB ហើយក៏មានប្រភេទ RAM 12GB/ROM 256GB ដែរ ដែលមានតម្លៃប្រមាណ 402ដុល្លារ នៅឥណ្ឌា និងប្រមាណ 576ដុល្លារ នៅអឺរ៉ុប។
សូមជម្រាបថា Amazon នៅប្រទេសឥណ្ឌាមានលក់ផ្ដាច់មុខ OnePlus Nord 1ប្រភេទទៀតមាន RAM 6GB/ROM 64GB ដែលមានតម្លៃប្រមាណ 335ដុល្លារ ដែលនឹងដាក់លក់នៅលើទីផ្សារក្នុងខែកញ្ញា៕
ទស្សនាវីដេអូខ្លីៗខាងក្រោម៖