ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យា ដូច្នេះហើយទើបក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។
មុខងារថ្មីនេះអាចតម្រូវឱ្យអ្នកប្រើប្រាស់ផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger នេះបាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍សុវត្ថិភាពថា ព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានចូលមើល នៅពេលដែលអ្នកផ្សេងប្រើទូរស័ព្ទរបស់គេនោះ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Facebook ក៏បាន និងកំពុងធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់ថា តើអ្នកណាអាចផ្ញើសារ ឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នកដែលមិនអាចតេ ឬផ្ញើសារបានទាំងស្រុងផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រាលៗ ប្រសិនបើរូបភាពនោះត្រូវបានផ្ញើពីអ្នកប្រើប្រាស់ដែលមិនធ្លាប់ស្គាល់។
សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន មុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែគួរឱ្យស្ដាយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ទាល់តែ 2-3ខែទៀត ទើបអាចប្រើមុខងារនេះបាន។ ដើម្បីប្រើប្រាស់មុខងារនេះ លោកអ្នកអាចចូលទៅក្នុង Privacy ដើម្បីបើកមុខងារថ្មីនេះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា