នៅពេលដល់ថ្ងៃដែលព្រមក្នុងការធ្វើជាអ្នកម្តាយគេហើយនោះ មានច្រើនរឿងណាស់ដែលស្រ្តីយើងត្រូវត្រៀមខ្លួន និងត្រូវជឿជាក់ក្នុងចិត្តយ៉ាងពេញ 100 ភាគរយ ដើម្បី 40 សប្តាហ៍ដែលកូនតូចនៅក្នុងគភ៌នោះក្លាយជាអំឡុងពេលគុណភាពបំផុតរបស់ទារក អនាគតអ្នកម្តាយជាច្រើននាក់អាចនឹងធ្វើអ្វីមិនត្រូវ ឬមិនដឹងថាត្រូវចាប់ផ្តើមពីត្រង់ណាល្អនោះឡើយ តែសូមកុំបារម្ភអី ចំពោះរឿងនេះគ្រូពេទ្យមានដំបូន្មានល្អៗមកជម្រាបជូន ដូចជា នៅពេលមានគភ៌ តើអ្នកម្តាយគួរមើលថែទាំរឿងភោជនាហារយ៉ាងណា និងមុនមានគភ៌ត្រូវត្រៀមខ្លួនឱ្យរួចជាស្រេចយ៉ាងណាខ្លះ?។
ពិនិត្យរាងកាយមើលភាពត្រៀមខ្លួនជាស្រេច ៈ មុនតាំងគភ៌ ទាំងស្វាមី និងភរិយាគួរតែទៅពិនិត្យរាងកាយជាមុន គ្រូពេទ្យនឹងសាកសួរពីប្រវត្តិដើម្បីវាយតម្លៃភាពប្រថុយប្រថានទាំងស្វាមី និងភរិយា និងប្រវត្តិខាងពូជអម្បូ រួមទាំងការពិនិត្យឈាម និងពិនិត្យរាងកាយ ឬភាពខុសប្រក្រតីក្នុងខ្លួនស្វាមី និងភរិយាដើម្បីរៀបផែនការក្នុងការមានបុត្រ និងត្រៀមចាំទប់ទល់ ឬកែខៃភាពប្រថុយប្រថានដែលអាចនឹងកើតឡើងក្នុងពេលមានគភ៌ និងកើតមានចំពោះកូន។
ហាត់ប្រាណបង្កើនភាពរឹងប៉ឹង ៈ បើចង់ឱ្យការតាំងគភ៌រហូតពេញមួយរយៈពេល 40 សប្តាហ៍នោះស្រួលរៀបរយ និងរលូនល្អនោះ ស្រ្តីមានគភ៌ចាំបាច់ត្រូវមានរាងកាយដែលរឹងប៉ឹងល្អដោយការហាត់ប្រាណជាប់ជានិច្ច ដើម្បីឱ្យសរីរៈរបស់ស្រ្តីមានគភ៌មានភាពត្រៀមជាស្រេច និងចាំទប់ទល់ជាមួយភាពឈឹចាប់ផ្សេងៗបានល្អឡើង ជាពិសេសបំផុតការគ្រប់គ្រងភាពរឹងមាំរបស់សាច់ដុំ និងសន្លាក់ផ្សេងៗដែលនឹងជួយដល់បញ្ហាការឈឺខ្នង ឈឺក្បាលជង្គង់ ឬការឈរមិនបានស្រួលខណៈពេលមានគភ៌ហ្នឹងឯង។
ជ្រើសរើសទទួលទានអាហារឱ្យត្រូវតាមគោលភោជនាហារ ៈ ការទទួលទានអាហារក្នុងអំឡុងពេលតាំងគភ៌អាចទទួលទានបានតាមប្រក្រតី គ្រាន់តែគួរតមអាហារក្នុងក្រុមដែលប្រថុយប្រថានមួយចំនួន ព្រោះអាហារក្នុងក្រុមនេះអាចមានគ្រោះថ្នាក់ចំពោះទារកនៅក្នុងគភ៌បាន ដូចជា អាហារ និងភេសជ្ជៈដែលមានជាតិអាល់កុល អាហារត្រាំជ្រក់ អាហារស្ទើរឆៅស្ទើរឆ្អិន និងគួរទទួលអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងសម្បូរបែបច្រើនយ៉ាង និងមិនគួរទទួលទានអាហារតែមួយប្រភេទច្រើនជ្រុលពេកទេ។
វីតាមីនដែលចាំបាច់ចំពោះរាងកាយ ៈ រាងកាយគួរបានទទួលសារធាតុអាហារយ៉ាងគ្រប់គ្រាន់ រឹតតែក្នុងអំឡុងរយៈពេលមានគភ៌ផងនោះ សារធាតុអាហារផ្សេងៗរឹតតែជារឿងចាំបាច់ទៅទៀត។ វីតាមីន និងសារធាតុរ៉ែគួរបានទទួលក្នុងបរិមាណដែលសមរម្យ និងគ្រប់គ្រាន់ ដោយសារធាតុអាហារចម្បងដែលមានភាពសំខាន់ចំពោះស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃនោះគឺ ហ្វូលេត អ៊ីយ៉ូដ DHA សារធាតុដែក វីតាមីន B1 B2 B3 B6 E និង C សារធាតុស័ង្កសី កាល់ស្យូម។
ក្រៅពីការត្រៀមរាងកាយឱ្យរួចជាស្រេចហើយ សភាវផ្លូវចិត្ត និងអារម្មណ័ក៏សំខាន់មិនតិចជាងគ្នាប៉ុន្មានឡើយ។ អ្នកម្តាយត្រូវធ្វើចិត្តឱ្យធូរស្រាល មិនធុញថប់តានតឹង មានអារម្មណ៍រីករាយជានិច្ច ដើម្បីកូនតូចដែលនឹងប្រសូតចេញមកល្អឥតខ្ចោះគ្រប់ផ្នែកទាំងរាងកាយ និងចិត្តគំនិត៕