នៅឆ្នាំសិក្សា 2019-2020នេះ ដោយសារតែការរាតត្បាតនៃជំងឺ Covid-19 ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាលារៀនឯកជនទាំងអស់សិក្សាពីចម្ងាយ និងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិដោយខ្លួនឯង។
តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលថ្មីៗនេះបានឱ្យដឹងថា ការតាក់តែង រៀបចំ វិញ្ញាសាប្រឡងបាក់ឌុបឆ្នាំនេះ គឺគ្រប់គ្រងដោយគ្រឹះស្ថានសិក្សានីមួយៗ ដោយគោរពទៅតាមគោលការណ៍របស់ក្រសួងអប់រំ។
គោលការណ៍ដែលក្រសួងអប់រំ បានកំណត់សម្រាប់គ្រឹះស្ថានសិក្សាឯកជននីមួយៗគឺ ការតាក់តែងវិញ្ញាសាប្រឡង ត្រូវយកតាមកម្មវិធីសិក្សាមធ្យមសិក្សាទុតិយភូមិ និងយកវិញ្ញាសាដែលក្រសួងបានចេញកន្លងមកធ្វើជាស្តង់ដាគោល ហើយត្រូវទទួលខុសត្រូវចំពោះមុខក្រសួងក្នុងការគ្រប់គ្រងវិញ្ញាសារ។ បន្ថែមពីលើនេះ ចំពោះវិញ្ញាសារសម្រាប់ចែកឱ្យបេក្ខជន ត្រូវរៀបចំទៅតាមបេក្ខជន និងវិញ្ញាសារសម្រាប់ចម្លងដាក់ក្តារខៀន ត្រូវរៀបចំទៅតាមចំនួនបន្ទប់ប្រឡង។ បន្ទាប់ពីដំណើរការវិញ្ញាសាសរសេរនៃវិញ្ញាសានីមួយៗ ត្រូវរៀបចំដាក់ក្នុងស្រោមបិទសម្ងាត់ sceller រួចផ្តល់ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយផ្ទាល់ដើម្បីពិនិត្យលើកម្រិតវិញ្ញាសារ។ ដោយឡែកមណ្ឌលដែលនៅតាមខេត្តអាចបញ្ជូនមកក្រសួងនៅពេលបញ្ចប់ដំណើរការវិញ្ញាសាសរសេរ៕