សុភមង្គលមានន័យយ៉ាងណា? សុភមង្គលនៅទីណា?សុភមង្គលមានរូបរាងដូចម្តេច? មិនទាន់មានអ្នកណាកំណត់ឱ្យបានច្បាស់លាស់នៅឡើយហើយក៏គ្មានអ្នកប្រាជ្ញណាម្នាក់អាចធានាថានឹងបង្កើតសុភមង្គលដែលមានលក្ខណៈអមតៈគ្រប់សម័យកាលបាននោះដែរ។
ចំពោះបញ្ហាអត្ថន័យនៃសុភមង្គលបើទោះបីជាមនុស្សជាច្រើនរួមទាំងអ្នកប្រាជ្ញមួយចំនួនផងបានឱ្យនិយមន័យទៅតាមការយល់ឃើញខុសៗគ្នាច្រើនបែបយ៉ាងក៏ដោយក៏ជាទូទៅពួកគេបានយល់ស្របលើចំណុចរួមគ្នាមួយថាសុភមង្គលគឺជាសេចក្តីសុខសប្បាយ (សុខកាយសប្បាយចិត្ត)ក្នុងផ្លូវត្រូវឬការរីកចម្រើនក្នុងផ្លូវដ៏សមប្រកបដែលពោរពេញទៅដោយសេចក្តីស្កប់ស្កល់ក្នុងតម្រូវការទាំងឡាយដូចជាមានទ្រព្យសម្បត្តិគ្រប់គ្រាន់ មានចំណេះដឹង (ចំណេះទាំងក្រៅនិងក្នុងសាលា)គ្រប់គ្រាន់ដែលសមនឹងទទួលបាននូវជីវភាពថ្លៃថ្នូរមួយក្នុងសង្គមឬមានសេចក្តីស្រឡាញ់ដ៏សមប្រកប និងច្បាស់លាស់មួយជាដើម។
សុភមង្គលពិតជាមានអត្ថន័យល្អគួរឱ្យប្រាថ្នាសម្រាប់ជីវិតហើយមនុស្សគ្រប់គ្នាក៏តែងតែចង់បាននិងធ្វើការស្វែងរកសុភមង្គលនេះផងដែរ។មានអ្នកខ្លះវេចបង្វេចស្វែងរកសុភមង្គលរាប់ឆ្នាំជាអកុសលពួកគេមិនអាចរកឃើញសុភមង្គលនោះទេផ្ទុយទៅវិញពួកគេតែងតែត្អូញត្អែរថាគេមានអំណាចមានប្រាក់មានគ្រួសារតែពួកគេនៅតែមិនមានសុភមង្គលព្រោះអ្វីដែលពួកគេមានគឺសម្បកសុភមង្គល។សម្បកសុភមង្គលនេះបានធ្វើឱ្យគេត្រូវទទួលរងនូវទារុណកម្មជីវិតយ៉ាងធ្ងន់ធ្ងរដោយការសម្តែងធ្វើជាមានសុភមង្គលទាំងបង្ខំចិត្តទាំងខ្លួនមិនដែលស្គាល់សុភមង្គលម្តងណាសោះ។
មានមនុស្សខ្លះរៀបការដើម្បីតែទ្រព្យសម្បត្តិដើម្បីតែមុខមាត់ដើម្បីតែអំណាចដើម្បីតែមហិច្ឆតានិងសេចក្តីលោភលន់ដោយឥតលក្ខខណ្ឌរបស់ពួកគេទាំងជំនឿយ៉ាងងងឹតងងល់ថាមានតែវត្ថុក្រៅខ្លួនទាំងអស់នោះទេដែលនាំឱ្យពួកគេមានសុភមង្គលពិតប្រាកដ។ផ្ទុយទៅវិញក្រោយពេលដែលពួកគេរៀបការហើយទទួលបាននូវអ្វីដែលពួកគេតែងតែស្រមៃចង់បានក្នុងមហិច្ឆតាដែលពោរពេញទៅដោយជំនឿមិនត្រឹមត្រូវទាំងនោះពួកគេបែរជាស្រងាកចិត្តហើយស្តាយក្រោយទៅវិញ។អ្វីដែលពួកគេគិតថាអស្ចារ្យកាលពីមុនបានប្រែក្លាយទៅជារឿងរាក់កំភែលព្រោះតែមហិច្ឆតាមិនសមស្របបានធ្វើឱ្យពួកអ្នកវេចបង្វិចស្វែងរកសុភមង្គលទាំងនោះលង់ខ្លួនជ្រៅទៅៗរហូតស្ទើរតែមិនអាចខិតទៅជិតសុភមង្គលសោះក្នុងជីវិត។អំណាចដែលពួកគេចង់បានក៏ប្រែក្លាយទៅជាច្រវាក់ចងជើងគេជាប់មិនឱ្យរើខ្លួនរួចហើយស្នាមញញឹមដែលពួកគេញញឹមគឺជាស្នាមញញឹមដែលខ្វះសន្តិភាពព្រោះពួកគេតែងតែភិតភ័យគ្រប់វិនាទីពីការយាយីទាំងឡាយណាដែលអាចប៉ះពាល់ដល់អំណាចរបស់គេ។
ចំណែកឯសេចក្តីស្រឡាញ់ដែលពួកគេមានក្នុងចំណងអាពាហ៍ពិពាហ៍វិញគឺជាសេចក្តីស្រឡាញ់ចំពោះអំណាចតែប៉ុណ្ណោះមិនមែនសេចក្តីស្រឡាញ់ចំពោះគូរស្រករនោះឡើយ។ក្រៅពីនេះអាពាហ៍ពិពាហ៍ដែលរៀបចំឡើងដើម្បីតែទ្រព្យសម្បត្តិនោះក៏អាចធ្វើឱ្យមនុស្សងាយក្នុងការបែកបាក់បានដែរការបែកបាក់នោះប្រាកដជាក្លាយទៅជាស្នាមខ្មៅមួយក្នុងជីវិតដែលខ្វះសុភមង្គលព្រោះអ្វីដែលគេស្រឡាញ់បំផុតមិនមែនជាប្តីឬប្រពន្ធរបស់គេនោះទេតែអ្វីដែលគេយកចិត្តទុកដាក់នោះគឺទ្រព្យសម្បត្តិ។ទ្រព្យសម្បត្តិបានធ្វើឱ្យពួកគេរកចំណុចឆ្អែតឆ្អន់មិនឃើញហើយដើម្បីតែទទួលបានទ្រព្យសម្បត្តិប្តីឬប្រពន្ធអាចនឹងក្បត់គ្នាឬរស់នៅក្នុងភាពលាក់បាំងមិនចុះសម្រុងរហូតដល់ចំណុចបញ្ចប់។
សុភមង្គលពិតប្រាកដគឺជាសុភមង្គលដែលកើតចេញពីចិត្តនិងការដែលចេះឱ្យតម្លៃគ្នាក្នុងការរស់នៅដែលពោរពេញទៅដោយសេចក្តីស្រឡាញ់។ភាពប្រាកដនិយមនៃមនុស្សដែលយល់ពីវត្ថុបំណងនៃជីវិតបានធ្វើឱ្យមនុស្សអាចបង្កើតសុភមង្គលដោយខ្លួនឯងមិនចាំបាច់វេចបង្វេចស្វែងរកនោះឡើយ។ការរៀបការដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ពិតប្រាកដមិនមែនសំដៅតែលើអំណាចទ្រព្យសម្បត្តិឬបុណ្យស័ក្តិច្បាស់ជាអាចធ្វើឱ្យពួកគេអាចរស់នៅក្នុងជីវភាពគ្រួសារមួយដែលពោរពេញទៅដោយស្នាមញញឹម។ពួកគេស្រឡាញ់គ្នាយោគយល់គ្នាតស៊ូជាមួយគ្នាដោយចាប់ផ្តើមពីនាទីដំបូងរហូតដល់ចំណុចកំពូលនៃជីវិតនឹងបង្កើតបានជាអនុស្សាវរីយ៍ល្អៗជាច្រើនដែលធ្វើឱ្យពួកគេមិនអាចបំភ្លេចគ្នាបានហើយសេចក្តីស្រឡាញ់ក៏នឹងជ្រាលជ្រៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះបញ្ហាទ្រព្យសម្បត្តិវិញក៏ប្រាកដជាអាចរកបានទៅតាមសេចក្តីត្រូវការនៃជីវភាពរស់នៅបើពួកគេមានចំណេះដឹងល្មមសម្រាប់ការកសាងនូវកិត្តិយសនិងទ្រព្យសម្បត្តិរួមគ្នាក្នុងសង្គមដែលមានទំនាក់ទំនង។ ម្យ៉ាងទៀតបើពួកគេបានអភិវឌ្ឍនូវអ្វីដែលពួកគេមានទៅតាមសុចរិតភាពនិងលទ្ធភាពដែលកើតចេញពីការតស៊ូខិតខំប្រឹងប្រែងប្រកបទៅដោយទឹកចិត្តស្រឡាញ់ពួកគេប្រាកដជាអាចរស់នៅក្នុងសុភមង្គលពិតដែលមានទាំងកេរ្តិ៍ឈ្មោះល្អក្នុងសង្គមមានទាំងទ្រព្យសម្បត្តិសមល្មមក្នុងជីវភាពរស់នៅនិងមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលអាចកំដរគ្នាដើលើវិថីនៃអាពាហ៍ពិពាហ៍រហូតដល់ចំណុចបញ្ចប់នៃជីវិត៕