ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះបានចេញសេចក្តីបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានមាស និងរូបិយប័ណ្ណបរទេស ដែលហៅថាទុនបម្រុងប្រមាណ 19.5ពាន់លានដុល្លារ។
ស្ថាប័នជាតិដ៏សំខាន់ខាងលើបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មានតួនាទីបោះពុម្ពរូបិយវត្ថុជាតិ ហើយត្រូវធានាតម្លៃរូបិយវត្ថុទាំងនោះ។ ដូច្នេះរាល់ការបោះពុម្ពផ្សាយត្រូវមានបដិភាគ ជាទ្រព្យដែលមានតម្លៃ។ ទ្រព្យទាំងអស់នោះរួមមាន រូបិយប័ណ្ណបរទេស និងមាសដែលហៅថា «ទុនបម្រុងអន្តរជាតិ» ហើយត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាព។
បច្ចុប្បន្ននេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន 19.5ពាន់លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ2020នេះ។ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួនគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ននូវទ្រព្យបម្រុងទាំងអស់នោះ ដើម្បីរក្សាសុវត្ថិភាព។ ហេតុនេះហើយទើបធនាគារជាតិនៃកម្ពុជា វិនិយោគលើឧបករណ៍ដែលមានស្ថិតភាពខ្ពស់ដូចជារូបិយប័ណ្ណខ្លាំង និងមាស។
បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា រក្សាមាសចំនួន 36.5តោន ដែលក្នុងនោះមានមាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមមានចំនួន 12.4តោន ដែលរក្សាទុកនៅប្រទេសស្វីស និងមានមាសចំនួន 14.1តោនកំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស។ បន្ថែមពីនេះ ធនាគារជាតិក៏បានរក្សាទុកមាសចំនួន 10តោនផងដែរនៅកម្ពុជា៕