តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងមកបានឱ្យដឹងថា ពេលវេលាសម្រាប់ប្រឡងមធ្យមសិក្សាទុតិយភូមិចំពោះសាលាឯកជននឹងត្រូវរៀបចំឡើងនៅថ្ងៃទី 17-18 ខែសីហាខាងមុខនេះ តែមុននេះបន្តិចអ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ថាក្រសួងលើកថ្ងៃប្រឡងវិញ។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា កាលបរិច្ឆេទប្រឡងបាក់ឌុប សម្រាប់សាលាឯកជនដែលគ្រោងធ្វើនៅថ្ងៃទី 17-18 ខែសីហានេះ ត្រូវលើកទៅថ្ងៃផ្សេងវិញ ព្រោះចំថ្ងៃដែលរាជរដ្ឋាភិបាលសម្រេចឱ្យឈប់សម្រាក។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបនៅគ្រឹះស្ថានឯកជន មានរយៈពេល2ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាព នៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់បរិច្ឆេទក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី 14 ខែកក្កដា ឆ្នាំ2020 ដោយកំណត់យកថ្ងៃទី 17-18 ខែសីហា ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យឈប់សម្រាករយៈពេល5ថ្ងៃ ដើម្បីសងថ្ងៃសម្រាកចូលឆ្នាំថ្មី៕