អ្នកម្តាយភាគច្រើន តែងតែប្រាថ្នាឱ្យទារកទើបនឹងកើតដំបូងគេងសម្រាកក្នុងពេលថ្ងៃឱ្យបានយូរៗ ច្រើនម៉ោង ដើម្បីឱ្យគេបានសម្រាកយ៉ាងពេញទំហឹង និងគ្រប់គ្រាន់ តែបើសិនជាគេងលក់យូរជ្រុលពេក ក៏នឹងនឹកបារម្ភថា តើទារកខុសប្រក្រតីដែរឬទេ?
ដែលនៅក្នុងការពិតវិញ ការគេងច្រើនពេក ឬតិចពេក សុទ្ធតែមានបញ្ហាទាំងអស់ ដូច្នេះលេខនេះយើងនឹងនិយាយអំពីបញ្ហាដែលលោកឪពុកអ្នកម្តាយគ្រប់គ្នាច្រើនតែមើលរំលង នោះគឺ បញ្ហាការគេងច្រើន និងញ៉ាំតិចរបស់ទារកហ្នឹងឯង។
រៀនយល់ដឹងពីការគេងរបស់ទារក
ជាប្រក្រតីទារកមានការគេងជាមធ្យមក្នុងមួយថ្ងៃប្រមាណជា 20 – 22 ម៉ោង ដោយនឹងភ្ញាក់ប្រមាណជា 3 ដងក្នុងមួយយប់ និងនៅក្នុងការគេងម្តងៗនឹងប្រើពេលវេលាប្រមាណជា 4 ម៉ោង ទារកតែងតែភ្ញាក់ពីគេងនៅពេលឃ្លានបៅ សូម្បីតែនៅពេលកណ្តាលយប់ក៏ដោយ ទារកនឹងភ្ញាក់មកបៅទឹកដោះស្ទើរតែរៀងរាល់ 4 ម៉ោងម្តង រហូតទាល់តែគេមានអាយុ 2 – 3 ឆ្នាំ ទើបអាចគ្រប់គ្រងការគេងយូរជាប់ៗគ្នាបាន។
បៅទឹកដោះប៉ុន្មានល្អ?
ជាទូទៅ ទារកភាគច្រើនៗតែភ្ញាក់ឡើងមកបៅទឹកដោះប្រមាណជា 8 ពេលក្នុងមួយថ្ងៃ បើកូនតូចបៅទឹកដោះម្តាយ ចូរឱ្យកូនបៅរហូតទាល់តែឆ្អែត ដោយអាចសង្កេតដឹងថា នៅពេលឆ្អែតហើយ ទារកនឹងព្រលែងមាត់ចេញពីដោះម្តាយដោយខ្លួនឯង ឬបើឃើញគេគេងលក់ហើយ នោះក៏បង្ហាញថាគេមឹមឆ្អែតហើយដែរ។
សង្កេតមើលការគេង ការញ៉ាំរបស់កូន
បើសង្កេតឃើញថា ទារកមានទង្វើការបៅទឹកដោះ ឬការគេងដែលខុសប្រក្រតី ដូចជា គេងច្រើនជ្រុលពេក គឺគ្រប់ 4 – ម៉ោងហើយនៅមិនព្រមភ្ញាក់មកបៅទឹកដោះ ឬបៅទឹកដោះតិចជាងប្រក្រតី ខុសពីទម្លាប់ដែលធ្លាប់តែបៅបានច្រើន និងជាក្មេងដែលមិនដែលយំ ឬយំតិចនោះ ឪពុកម្តាយកុំព្រងើយកន្តើយឱ្យសោះ គួរនាំកូនទៅប្រឹក្សាជាមួយគ្រូពេទ្យ ព្រោះអាចកើតភាពខុសប្រក្រតីបាន និងដើម្បីជាការជួយការពារសភាវមិនគ្រប់ទឹកដែលអាចកើតឡើង។
ភាពខុសប្រក្រតីដែលជួប និងជាមូលហេតុធ្វើឱ្យទារកមានអាការទាំងនោះ កើតឡើងបានដោយសារសភាវអ័រម៉ូន ថៃរ៉យនៅក្នុងឈាមចុះទាប ខ្លួនលឿង ឬកើតការឆ្លងមេរោគ សភាវខ្លួនត្រជាក់តែងជួបនៅក្នុងរដូវរងា ឬនៅក្នុងបន្ទប់ដែលមានធាតុអាកាសត្រជាក់ ឬគេងនៅក្នុងបន្ទប់ដែលមានបំពាក់ម៉ាស៊ីនត្រជាក់ សភាវសីតុណ្ហភាពក្នុងរាងកាយឡើងខ្ពស់ តែងជួបនៅក្នុងរដូវក្តៅ ជាដើម។
ទារកដែលគេងច្រើន បៅតិច ស្ងាត់ស្ងៀមជ្រុលពេក សុទ្ធតែបង្ហាញឱ្យឃើញពីភាពខុសប្រក្រតីដែលកើតឡើង ដែលត្រូវតែបានទទួលការកែខៃ រឿងវិវឌ្ឍនាការអាចនឹងយឺតយ៉ាងជាងប្រក្រតី ខួរក្បាល ឬប្រព័ន្ធប្រសាទអាចនឹងមានភាពខុសប្រក្រតី។
រៀនយល់ដឹងពីការគេងរបស់ទារកវ័យ 1 ខួប
អ្នកម្តាយដែលយកកូនចូលគេងដោយការដាក់កូននៅលើពូកទាំងដែលកូននៅភ្ញាក់នៅឡើយនោះ នៅពេលភ្ញាក់ឡើងកណ្តាលយប់ កូនតូចនឹងរៀនយល់ដឹងក្នុងការបំពេរខ្លួនឯងឱ្យគេងលក់ទៅវិញដោយខ្លួនឯងបាន ដោយមិនរំខានឪពុកម្តាយឡើយ។
ក្នុងខណៈដែលទារកមួយក្រុមទៀតដែលឪពុកម្តាយបំពេរឱ្យគេងលក់នៅនឹងដើមទ្រូង មុននឹងនាំកូនទៅដាក់ឱ្យគេងនៅលើពូកនោះ ពេលភ្ញាក់ឡើងកណ្តាលយប់នឹងមិនដឹងពីវិធីក្នុងការជួយឱ្យខ្លួនឯងគេងលក់តទៅទៀតបានទេ ព្រោះគ្មានអ្នកជួយបំពេរ ទារកទាំងនោះនឹងស្រែករំខានឪពុកម្តាយឱ្យមកជួយបំពេរ ដូច្នេះបើឪពុកម្តាយណាត្រូវការបង្ហាត់ឱ្យកូនគេងលក់ ដោយឪពុកម្តាយមិនចាំបាច់ត្រូវភ្ញាក់នោះ ត្រូវតែបង្ហាត់កូនឱ្យចេះគេងលក់ដោយខ្លួនឯង៕