យោងតាមសារព័ត៌មាន Bloomberg មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani បច្ចុប្បន្នបានក្លាយជាអ្នកមានជាងគេលំដាប់ទី5ក្នុងពិភពលោក ដោយមានទ្រព្យសរុបចំនួន77.4ពាន់លានដុល្លារ ដែលនេះបានជួយឱ្យអាស៊ីបានវត្តមាននៅក្នុង top 5 អ្នកមានជាងគេជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។
ច្រើនឆ្នាំមកនេះ ចំណាត់ថ្នាក់ក្នុង top 5 នៃអ្នកមានជាងគេបង្អស់ក្នុងពិភពលោក ត្រូវបានគ្រប់គ្រងដោយជនជាតិអាមេរិកាំង អឺរ៉ុប និងម៉ិកស៊ិក។ ប៉ុន្តែ ប្រការនេះបានផ្លាស់ប្ដូរហើយ ព្រោះថាបន្ទាប់ពីបញ្ចប់ការជួញដូរមូលបត្រកាលពីថ្ងៃទី24កក្កដា មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani បានលោតរំលង Steve Ballmer និងក្លាយជាអ្នកមានជាងគេលំដាប់ទី5ក្នុងពិភពលោក ជាមួយនឹងទ្រព្យសរុបចំនួន77.4ពាន់លានដុល្លារ។ នេះបើតាមស្ថិតិពី Bloomberg Billionaires Index។
នេះគឺជាកំណត់ត្រាថ្មីបំផុតសម្រាប់លោក Ambani។ ទ្រព្យសម្បត្តិរបស់លោក បានកើនជិត19ពាន់លានដុល្លារអាមេរិក រាប់ចាប់ពីដើមឆ្នាំ2020មកនេះ។
មហាសេដ្ឋី Ambani បច្ចុប្បន្នជាប្រធានក្រុមហ៊ុនពហុវិស័យ Reliance Industries។ ចំណាត់ថ្នាក់របស់លោកនៅក្នុងបញ្ជីឈ្មោះអ្នកមានជាងគេរបស់ Bloomberg បានកើនឡើងចំនួន9ថ្នាក់នៅក្នុងឆ្នាំនេះ ដោយសារតែមូលបត្ររបស់ក្រុមហ៊ុន Reliance Industries បានកើន135% ចាប់ពីក្រោយការធ្លាក់ចុះដល់បាតក្នុងខែមីនា។ បណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Reliance ថ្មីៗនេះទទួលបានខ្ទង់វិនិយោគយ៉ាងច្រើនពីក្រុមហ៊ុនធំៗជាច្រើន មានដូចជា Facebook, Silver Lake និងក្រុមហ៊ុនប្រេង BP ជាដើម។ល។
ឥណ្ឌាគឺជាចំណុចលេចធ្លោក្នុងទីផ្សារ M&A (ការទិញដូរក្រុមហ៊ុន/Mergers and acquisitions) នៅទូទាំងសកលលោកក្នុងឆ្នាំនេះ។ សារព័ត៌មានឥណ្ឌា ET Now បានចុះផ្សាយថា ក្រុមហ៊ុន Amazon កំពុងតែចរចាជាមួយភាគីក្រុមហ៊ុន Reliance របស់លោក Ambani ដើម្បីទិញភាគហ៊ុនក្នុងផ្នែកលក់រាយរបស់ក្រុមហ៊ុននេះ។
មហាសេដ្ឋី Ambani បានឡើងដល់ top 10 នៃបញ្ជីឈ្មោះអ្នកមានបំផុតក្នុងពិភពលោកកាលពីខែមិថុនាកន្លងទៅ។ កាលពី2សប្ដាហ៍មុន ទ្រព្យរបស់លោកបានកើនឡើងលើសពីទំហំទ្រព្យរបស់មហាសេដ្ឋី Warren Buffett ហើយប៉ុន្មានថ្ងៃក្រោយមកក៏បានលោតរំលង CEO របស់ Tesla លោក Elon Musk និងសហស្ថាបនិក2រូបរបស់ Google គឺលោក Sergey Brin និងលោក Larry Page។
អ្នកមានជាងគេលំដាប់ទី1ក្នុងពិភពលោក នៅតែជាម្ចាស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos។ ទ្រព្យសម្បត្តិរបស់លោក ក្នុងឆ្នាំនេះបានកើន62.7ពាន់លានដុល្លារ។ ឈរលំដាប់លេខ2 គឺលោក Bill Gates (118ពាន់លានដុល្លារ) និងទី3គឺលោក Bernard Arnault (93ពាន់លានដុល្លារ) ចំណែកទី4 គឺលោក Mark Zuckerberg (88ពាន់លានដុល្លារ)។
ចំណែកនៅអាស៊ី បច្ចុប្បន្នអ្នកមានជាងគេលំដាប់ទី2គឺលោក Pony Ma ដែលជាម្ចាស់ក្រុមហ៊ុន Tencent ដោយមានទ្រព្យសរុប55.6ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ Bloomberg