-ចម្ការបន្លែគ្រួសារក្នុងផើង និងចម្ការបន្លែគ្រួសារលើអាកាស
សម្រាប់ការដាំដុះបន្លែក្នុងរូបបែបនេះ នឹងស័ក្តិសមជាមួយអ្នកដែលស្នាក់អាស្រ័យនៅតាមបន្ទប់ជួល អាផាតមិនត៍ ផ្ទះល្វែង ផ្ទះលក់ចាប់ហួយតាមចិញ្ចើមថ្នល់ ឬកន្លែងដែលគ្មានដីទំនេររបស់ខ្លួនឯង ដោយចម្ការបន្លែគ្រួសារទាំង 2រូបបែបនេះ ទោះជាមានឈ្មោះហៅខុសពីគ្នាមែន តែអាចរាប់បានថា ជាវិធីដាំដុះបន្លែក្នុងលក្ខណៈដូចគ្នា គឺការដាំនៅក្នុងភាជនៈ គ្រាន់តែ “ចម្ការបន្លែក្នុងផើង” អាចនឹងប្រើភាជនៈដែលធ្វើអំពីដីឥដ្ឋដុត ផើងជ័រ ឬភាជនៈដែលលែងប្រើហើយ ដូចជា ចានដែក ធុង ពាង កំប៉ុង ក្រឡ ឆ្នាំងជាដើម ដែលចំណុចល្អ របស់ការដាំបន្លែគ្រួសារក្នុងផើងនេះគឺ អាចរើផ្លាស់ប្តូរទីកន្លែងទៅដាក់នៅកន្លែងណាដែលដំណាំអាចទទួលពន្លឺបានយ៉ាងងាយ និងថែមទាំងជាការសន្សំសំចៃពេលវេលាក្នុងការមើលថែទាំទៀតផង និងចង់ជ្រើសរើសយកមកដាក់តាំងលម្អខាងក្នុងបរិវេណផ្ទះក៏អាចធ្វើបានយ៉ាងងាយស្រួលដែរ។
ចំណែក “បន្លែចម្ការគ្រួសារលើអាកាស” វិញ ស័ក្តិសមសម្រាប់ផ្ទះដែលគ្មានបរិវេណទំនេរនៅសល់សោះ គឺជាការដាំបន្លែនៅក្នុងភាជនៈដែលអាចព្យួរបានហ្នឹងឯង ដោយភាជនៈសម្រាប់ដាក់ដាំក្នុងចម្ការប្រភេទនេះគួរតែនឹកដល់រឿងរបស់ភាជនៈដែលមានភាពស្រស់ស្អាតប្រកបជាមួយផង ដោយភាគច្រើនអាចជ្រើសរើសប្រើភាជនៈដែលធ្វើអំពីវត្ថុធម្មជាតិ ដូចជា លលាដ៍ដូង សម្បកផ្លែដូងទុំ បំពង់ឫស្សី -ល- ឬនៅក្នុងផ្ទះខ្លះអាចជ្រើសរើសប្រើថូ ផើងស្អាតៗ ឬភាជនៈផ្សេងទៀតដែលមានភាពស្រស់ស្អាត ដើម្បីធ្វើជាគ្រឿងប្រដាប់តុបតែងលម្អក្នុងបរិវេណផ្ទះក៏បានដែរ។
តែអ្វីដែលត្រូវនឹកដល់ជាសំខាន់នោះគឺ ការជ្រើសរើសប្រភេទបន្លែ គួរជ្រើសរើសដាំប្រភេទដែលមានដើមមិនធំពេក ស័ក្តិសមនឹងភាជនៈដែលដាក់ដាំ ដូចជា ដើមម្ទេសដែលមានពណ៌ស្អាតៗ ដើមជីអង្កាម ដើមជីនាងវងទាបៗ និងថែមទាំងភាជនៈទាំងនេះមិនគួរមានទម្ងន់ធ្ងន់ខ្លាំងពេកឡើយ និងគួររកខ្សែច្រវាក់តូចៗ ឬខ្សែលួសដែលមានភាពរឹងមាំស៊ូធន់នឹងកម្តៅថ្ងៃ ភ្លៀងខ្យល់មកចងព្យួរ ព្រោះបើប្រើប្រាស់ខ្សែមិនរឹងមាំល្អទេនោះ អាចនឹងធ្វើឱ្យមានគ្រោះថ្នាក់ជាយថាហេតុបាន។
ក្រៅពីនេះ ក្នុងការដាំ “ចម្ការបន្លែគ្រួសារក្នុងផើង” និង “ចម្ការបន្លែគ្រួសារលើអាកាស” ក្រៅពីការបណ្តុះគ្រាប់ឱ្យដុះធំឡើងនៅក្នុងផើងហើយ អាចនឹងប្រើមែកផ្សាំ កាត់មែកមកដាក់ដាំ ឬបណ្តុះឱ្យដុះឡើងជាកូន ហើយសឹមដកយកទៅស្ទូងក្នុងផើងមួយទៀតក៏អាចធ្វើបានដែរ អាស្រ័យលើភាពស័ក្តិសមរបស់ប្រភេទបន្លែជាសំខាន់។ ចំណែកខាងផ្នែកមើលថែទាំវិញ ដោយសារតែក្នុងភាជនៈដែលដាំដុះបន្លែនោះមានដីតិច ដូច្នេះរឿងដែលគួរនឹកដល់មួយទៀតនោះគឺ ការឧស្សាហ៍ដាក់ជីវិទ្យាសាស្រ្ត ស្រោចទឹកជាប់ជានិច្ច និងគួរផ្លាស់ប្តូរដីថ្មីម្តងម្កាលតាមរយៈពេលដែលស័ក្តិសមរបស់ដំណាំបន្លែនោះ។
-ចម្ការរបងបន្លែញ៉ាំបាន
សម្រាប់ចម្ការបន្លែគ្រួសារប្រភេទនេះ រឿងសំខាន់គឺ ត្រូវរៀបចំតុបតែងមិនឱ្យរញេរញ៉ៃស៊ុបទ្រុប ដោយបន្លែដែលស័ក្តិសមសម្រាប់ការដាំដុះក្នុងលក្ខណៈនេះ គឺ “រុក្ខជាតិវារតោង” ព្រោះអាចយកមកដាំធ្វើជារុក្ខជាតិតុបតែងលម្អ បង្កើនភាពស្រស់ស្អាតដល់បរិវេណជុំវិញផ្ទះក៏បាន ដូចជា ពពួកបន្លែទម្លាក់កួរ ត្រសក់ ននោងជ្រុង-មូល ពពាយ សណ្តែកកួរ ម្រះ ឃ្លោក ជាដើម ដោយមានគ្រោងសាងរបស់ទ្រើងដែលជារបងនោះ អាចនឹងត្រូវតុបតែងកែច្នៃឱ្យស្អាត ឬគ្រាន់តែបណ្តោយឱ្យវាវារតោងឡើងលើរបងលួសបន្លា ឬបង្គោលឈើឬស្សីក៏បាន តែនៅពេលចាប់ផ្តើមដាំថ្មីៗ ចាំបាច់ត្រូវតែជួយរៀបចំចាត់ចែងឱ្យវារតោងឡើងទៅលើទ្រើង និងការក្តិចត្រួយក៏នឹងជួយឱ្យបែកមែកចេញខ្នែងច្រើន ធ្វើឱ្យអាចវារគ្របដណ្តប់ទៅលើទ្រើងដែលជារបងបានឆាប់រហ័សឡើង ឬក្រៅអំពីដំណាំវារតោងហើយ យើងនៅអាចជ្រើសរើសដាំ “ដំណាំដើមឈរខ្នាតតូច” ដូចជា ដើមកន្ទុំទេស ស្អំ ដើមអង្គារដី ដើមបន្លែផ្អែម -ល- មកដាំធ្វើជារបងផ្ទះបាន ព្រោះជាដំណាំដែលងាយដាំ និងផ្តល់នូវផលិតផលរហូតពេញ 1ឆ្នាំ និងមានគុណប្រយោជន៍ខាងអាហារខ្ពស់ និងគ្មានសាធាតុគីមីទៀតផង។
(នៅមានត)