លោក វ៉ាត់ ចំរើន អគ្គលេខាធិការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ក្បាច់គុនល្បុក្កតោកម្ពុជា កំពុងតែខឹតទៅកៀកនឹងការដែលត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ ដោយត្រូវរង់ចាំអ៊ុតមើលលទ្ធផលនៅពេលឆាប់ៗខាងមុខនេះ។
ជុំវិញការស្នើសុំបញ្ចូលបុរាណសម្បត្តិក្បាច់គុនរបស់កម្ពុជានេះ គឺលោក និងសហព័ន្ធល្បុក្កតោកម្ពុជា បានរៀបចំឯកសារដាក់ស្នើសុំជាយូរមកហើយ តែនៅមានចន្លោះខ្វះខាតមួយចំនួន និងបានបំពេញបន្ថែមជាបន្តបន្ទាប់រួចហើយ រហូតមកទល់នឹងពេលនេះ ដោយអាចចាត់ទុកថា ជាសេចក្ដីព្រាងចុងក្រោយ ដែលមានភាគរយជោគជ័យច្រើន។
អ្នកជំនាញខាងកីឡាខាងលើ បានបន្តប្រាប់ទៀតថា ជំហានបន្ទាប់ទៀតនេះ នៅមានកិច្ចការធំដែលត្រូវធ្វើទៀត គឺកម្ពុជាត្រូវចាំអ៊ុតមើលលទ្ធផលនៅខែ9 ឆ្នាំ2020 មានកម្រិតពិន្ទុដល់កម្រិតណា និងមានភាពវិជ្ជមានដល់ការប្រកាសលទ្ធផលចុងក្រោយនៅខែ11 ចុងឆ្នាំនេះដែរឬទេ?។ មួយវិញទៀតគណៈកម្មាធិការ នឹងត្រៀមស្នើសុំរៀបចំធ្វើពិធីផ្សេងៗ ប្រសិនជាបានជាប់ និងត្រៀមការឆ្លើយតបណាមួយ នៅពេលដែលមិនជាប់ផងដែរ៕