ការតាំងគភ៌គឺជាបទពិសោធន៍ដ៏គួរឱ្យអស្ចារ្យម្យ៉ាងសម្រាប់អ្នកម្តាយគ្រប់រូប ទំរាំតែពរពោះ ថែទាំបំប៉នគភ៌មកយ៉ាងល្អដល់ទៅ 9 ខែ និងលុះដល់ពេលប្រសូត តើនឹងមានរឿងអ្វីកើតឡើងខ្លះនោះ ស្រ្តីមានគភ៌គួរតែសិក្សា និងត្រៀមខ្លួនទប់ទល់នឹងរឿងការប្រសូត 3 ដំណាក់កាលនេះឱ្យជាប់ក្នុងចិត្ត។
3 ដំណាក់កាលក្នុងការប្រសូតបុត្រ មានដូចខាងក្រោមនេះ ៖
1 . ការពង្រីកខ្លួនរបស់មាត់ស្បូន និងរង់ចាំមាត់ស្បូនបើកឱ្យពេញទំហឹងសឹន
អំឡុងពេលនេះអ្នកត្រូវរង់ចាំសឹន ពេលវេលាអាចនឹងកន្លងទៅយឺតខ្លាំងណាស់សម្រាប់អ្នក តែអ្នកក៏ត្រូវតែរង់ចាំឱ្យមាត់ស្បូនបើកឱ្យដល់ 10 សង្ទីម៉ែត្រសឹនដែរ។ ការបើករបស់មាត់ស្បូននឹងបែងចែកជា 3 រយៈពេលដូចតទៅនេះ ៖
. ចាប់ផ្តើមដំបូងមាត់ស្បូននឹងបើកត្រឹមតែ 0 – 4 សង្ទីម៉ែត្រប៉ុណ្ណោះ ហើយមាត់ស្បូននឹងបើកជារឿយៗទៅទៀតប្រមាណជា 1 សង្ទីម៉ែត្រក្នុង 1 ម៉ោង។ ស្រ្តីមានគភ៌ខ្លះអាចត្រូវរង់ចាំឱ្យមាត់ស្បូនបើកពេញទំហឹងប្រមាណជា 6 – 10 ម៉ោង ទំរាំនឹងប្រសូតបាន អ្នកខ្លះត្រូវរង់ចាំយូរជាងនោះទៅទៀត អាស្រ័យលើបទពិសោធន៍ និងសភាពរាងកាយ ហើយពេលនោះក៏នឹងមានអាការឈឺពោះខ្លាំងឡើងៗជារឿយៗ អ្នកម្តាយខ្លះទឹកភ្លោះអាចនឹងបែកតាំងពីពេលនេះបាត់ទៅហើយ។
. អំឡុងពេលបន្ទាប់មកទៀត មាត់ស្បូនរបស់អ្នកនឹងបើកចេញប្រមាណជា 3 – 7 សង្ទីម៉ែត្រហើយ ការរង់ចាំប្រសូតបុត្រនឹងនៅសល់ប្រមាណជា 3 – 6 ទៀតប៉ុណ្ណោះ អាស្រ័យលើបទពិសោធន៍របស់ស្រ្តីមានគភ៌ម្នាក់ៗ តែអ្វីដែលប្រាកដច្បាស់នោះគឺ ស្បូនកំពុងតែច្របាច់ខ្លួនយ៉ាងខ្លាំងឡើង អាចនឹងរៀងរាល់ 3 – 5 នាទីហើយ ស្រ្តីមានគភ៌ខ្លះអាចនឹងមានទឹករំអឹលលាយឈាមពណ៌ផ្កាឈូកៗហូរចេញមកទៀតផង។
. អំឡុងពេលចុងក្រោយ មាត់ស្បូនបានបើកដល់ 10 សង្ទីម៉ែត្រហើយ ពេលវេលាប្រសូតបុត្រនៅសល់ត្រឹមតែ 20 នាទី – 2 ម៉ោងទៀតប៉ុណ្ណោះ។ សម្រាប់ការប្រឹងប្រសូតបុត្រ កូននឹងចេញមកលឿន ឬយឺតនោះអាស្រ័យស្ថិតលើការប្រឹងរបស់អ្នកម្តាយ និងចង្វាក់នៃការប្រឹង។ អំឡុងពេលនេះស្បូននឹងច្របាច់ខ្លួនខ្លាំងឡើង និងញាប់ឡើងខ្លាំងណាស់ អ្នកម្តាយខ្លះអាចនឹងនឿយហត់ និងមានអាការក្អួតចង្អោរ ឈឺផ្សារនៅលើមាត់ស្បូន។
2 . ខ្យល់ប្រឹងក្នុងរាងកាយ និងការប្រសូតបុត្រ
ដំណាក់កាលនេះនឹងត្រៀមជាស្រេចក៏នៅពេលដែលមាត់ស្បូនបើកចេញយ៉ាងពេញទំហឹងហើយ អ្នកនឹងមានអារម្មណ៍ដឹងពីការជំរុញយ៉ាងខ្លាំងក្លាពីខាងក្នុង មានអារម្មណ៍ដឹងពីកម្លាំងរុញច្រាន និងដឹងពីស្បូនច្របាច់ខ្លួនខ្លាំងក្លា និងញាប់ឡើង។ ជាអំឡុងពេលដែលឈឺចាប់បំផុត ពេលនេះគ្រូពេទ្យអាចនឹងកាត់ត្រង់ប្រឡោះមាត់ស្បូនបន្តិចដើម្បីឱ្យប្រឡោះស្បូនបើកធំខ្លាំងឡើង។ អំឡុងពេលដែលត្រូវប្រើកម្លាំងប្រឹងប្រសូតនេះ ពេលមានអារម្មណ៍ដឹងពីកម្លាំងរុញច្រាន ឬខ្យល់ប្រឹងក្នុងរាងកាយហើយនោះ ចូរអ្នកប្រមូលកម្លាំង និងប្រឹងឱ្យពេញទំហឹងតម្រង់ចំណុចកណ្តាលនៃការប្រឹងឆ្ពោះទៅរកទ្វាធំ(រន្ធគូទ)។ នៅពេលមានចង្វាក់ហើយក៏ប្រឹងចេញមកឱ្យខ្លាំងអស់ពីកម្លាំងកាយ កុំហារមាត់ ឬបញ្ចេញសំឡេងស្រែក ព្រោះកម្លាំងប្រឹងនឹងរុញទៅខាងលើធ្វើឱ្យពិបាកប្រសូត និងប្រើពេលវេលាយូរ។ ពេលអ្នកប្រឹងដើម្បីប្រសូត នឹងមានអារម្មណ៍ថា ផ្នែកក្បាលរបស់កូនចេញមកហើយ អ្នកនឹងមានអារម្មណ៍ថា ធូរស្រាលឡើងបន្តិច ដូច្នេះចូររង់ចាំគ្រូពេទ្យឱ្យសញ្ញាម្តងទៀតដើម្បីចាប់ផ្តើមប្រឹងប្រសូតខ្លួនកូនចេញមកម្តងទៀត ពេលនោះខ្លួនរបស់កូននឹងរអឹលចេញមកដោយស្រួល និងមានសុវត្ថិភាព។
3 . នៅពេលអ្នកប្រសូតបុត្រចេញមកដល់ដៃគ្រូពេទ្យហើយ
គ្រូពេទ្យនឹងធ្វើការកាត់ខ្សែទងផ្ជឹតចេញ និងធ្វើកាសម្អាតខ្លួនប្រាណឱ្យកូន អ្នកនឹងមានអារម្មណ៍ដឹងពីកម្លាំងប្រឹងម្តងទៀត មិនមែនព្រោះអ្នកប្រសូតកូនភ្លោះនោះទេ តែអ្នកត្រូវប្រសូតដុំសុកចេញមកផងដែរ ជាវិធីខាងធម្មជាតិនៅពេលប្រសូតបុត្រហើយ ក៏ត្រូវតែប្រសូតដុំសុកចេញមកដែរ។ នៅពេលប្រសូតដុំសុកចេញមកហើយ អ្នកអាចនឹងមានអារម្មណ៍ថា មានអាការរងារញ័រដែលវាជារឿងប្រក្រតី និងបើអ្នកគ្មានអារម្មណ៍ថានឿយហត់ជ្រុលពេកទេនោះ អ្នកគួរតែសុំឱ្យគ្រូពេទ្យយកកូនមកដាក់នៅលើដើមទ្រូងរបស់អ្នក និងឱ្យកូនចាប់ផ្តើមបៅដោះដើម្បីជំរុញទឹកដោះបានភ្លាមតែម្តង។
អ្នកម្តាយខ្លះនឹងមានបទពិសោធន៍ក្នុងការប្រសូតមិនដូចគ្នាទេ អ្នកខ្លះក៏ជួបនឹងសភាវជ្រៀតជ្រែកផ្សេងៗក្នុងអំឡុងពេលរង់ចាំប្រសូតជាច្រើនយ៉ាង រហូតមិនអាចប្រសូតដោយខ្លួនឯងបាន ត្រូវតែធ្វើការវះប្រសូតដើម្បីសុវត្ថិភាពរបស់ខ្លួនអ្នកម្តាយ និងទារក ដែលគ្រប់យ៉ាងស្ថិតនៅលើការពិចារណារបស់គ្រូពេទ្យដោយត្រង់តែម្តង៕