ដោយសារតែរងផលប៉ះពាល់នៃជំងឺ Covid-19 ក្រុមហ៊ុន សហគ្រាសជាច្រើននៅកម្ពុជាត្រូវទទួលរងនូវបញ្ហាជាច្រើន ជាពិសេសបញ្ហាទុនបង្វិលដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។
ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំឱ្យមានកិច្ចប្រជុំស្តីពីការរៀបចំឯកសារទស្សនាទានសម្រាប់បង្កើតសាជីវកម្មធានាឥណទាន (credit guarantee) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញការអន្តរជាតិនានា។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទាននេះ ជាយន្តការឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាលស្របតាមវិធានការជុំទី4 ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាតិសំខាន់ៗ ក្នុងដំណាក់កាល Covid-19 និងជុំវិញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនេះ។ សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទីផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាពដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរប់សក្រុមហ៊ុនទាំងនោះ។ ការធ្វើបែបនេះអាចនឹងជួយឱ្យក្រុមហ៊ុនដែលរងផលប៉ះពាល់ធានាបាន នូវនិរន្តរភាពអាជីវម្ម និងសម្របទៅតាមបរិបទថ្មីនេះធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺ Covid-19៕