ភ្នំពេញ៖ ដើម្បីបង្កភាពងាយស្រួលដល់វិនិយោគិន ក៍ដូចជាអ្នកទេសចរក្នុងការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ឥឡូវនេះចិនបានឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីក្រុងស៊ីអាន ខេត្តសាន់ស៊ីមកកាន់កម្ពុជា និងបានគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានារបស់អ្នកវិនិយោគខេត្តសាន់ស៊ីនៅលើទឹកដីកម្ពុជាផងដែរ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្តសាន់ស៊ីនៃសាធាណរដ្ឋប្រជាមានិតចិនលើគម្រោងវិនិយោគផលិតផលទេសចរណ៍នានារបស់អ្នកវិនិយោគខេត្តសាន់ស៊ីនៅលើទឹកដីកម្ពុជា។ កម្ពុជាក៏មានបំណងចង់បង្កើតឱ្យមានការរៀបចំជាស្ថានតំណាង ឬការិយាល័យទេសចរណ៍កម្ពុជាប្រចាំខេត្តសាន់ស៊ីដើម្បីជំរុញការផ្សព្វផ្សាយ និងសម្រួលដល់ភ្ញៀវទេសចរទាំងពីរប្រទេសដែលចង់ទៅមកទស្សនាកម្ពុជា និងចិន។
លោកអភិបាលខេត្តបានគាំទ្រ និងឯកភាពជំរុញឱ្យមានការហោះហើរត្រង់ និងទៀងទាត់ ដែលបច្ចុប្បន្នទើបតែមានការហោះហើរជាលក្ខណៈ Charter flight ប៉ុណ្ណោះ។ ព្រមជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានស្នើឱ្យក្រសួងទេសចរណ៍កម្ពុជា ជួយគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានាពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីការគាំទ្រ និងចូលរួមជានិច្ចរបស់កម្ពុជាចំពោះយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងវិថី» ដែលជាក្របខ័ណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី21។ លោកបានរៀបរាប់អំពីការីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងនោះបានគូសបង្ហាញពីការត្រៀមដ៏ល្អរបស់កម្ពុជា ក្នុងកាទទួលទេសចរចិន (China-Ready) ទៀតផង៕