ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលម៉ិញនេះ បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន20 បើកដំណើរការសាកល្បងឡើងវិញក្នុងដំណាក់កាលដែលកម្ពុជាអាចគ្រប់គ្រងបាននូវស្ថានភាពនៃការរីករាលដាលជំងឺ Covid-19។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាគ្រឹះស្ថានសិក្សាដែលអនុញ្ញាតទាំង20នោះ នឹងត្រូវរៀបចំតាមគោលការណ៍សំខាន់ៗចំនួន6ចំណុចដូចជា៖
- ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគ ជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដា។
- គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគCovid-19មុនដំណើរការសាលា។
- ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។
- គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះ គឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។
- ក្រសួងនឹងចេញគោលការណ៍ណែនាំ ស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ការរៀបចំ ពិធីសារសុវត្ថិភាពសុខភាព សិក្សារបស់គ្រឹះស្ថានសិក្សា។
- គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា៕