កម្ពុជាជាប្រទេសកសិកម្ម ដែលយើងបាននាំចេញកសិផលជាច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងនោះដំណាំស្រូវជាដំណាំយុទ្ធសាស្ត្រយ៉ាងសំខាន់មួយដែលរដ្ឋាភិបាលបានចេញគោលនយោបាយនាំចេញឱ្យបាន 1លានតោនក្នុងមួយឆ្នាំ។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា តាមការព្យាករណ៍នៅឆ្នាំ2021 ឬឆ្នាំ2022 កម្ពុជាអាចនឹងសម្រេចការនាំចេញបាន1លានតោនក្នុងមួយឆ្នាំ។ ការលើកឡើងបែបនេះដោយសារតែកន្លងមកយើងឃើញហើយថានៅឆ្នាំមុនយើងសល់ស្រូវប្រមាណ 6លានតោន ហើយបើគិតជាអង្ករវិញគឺជាង 4លានតោន។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថា កម្ពុជាជាប្រទេសតូចដែលមានកសិកម្មមិនទាន់លូតលាស់ខ្លាំង តែកម្ពុជាសល់ស្រូវរហូតដល់ជាង 6លានតោន ដែលវាជាទំហំធំមួយសម្រាប់កម្ពុជា។ យើងបានបង្កើនផលស្រូវពីភាពខ្វះខាត មកក្លាយជាប្រទេសដែលសល់ស្រូវជាច្រើនលានតោន។ ទោះជាយ៉ាងនេះក្តី យើងនៅមិនទាន់សម្រេចគោលដៅនាំចេញឱ្យបាន 1លានតោននៅឡើយ ព្រោះកន្លងមកយើងនាំចេញបានតិចណាស់ ទើបតែឆ្នាំ2020នេះទេដែលយើងអាចនាំចេញបានរហូតដល់ទៅ 40ម៉ឺនតោនក្នុងរយៈពេល 6ខែដើមឆ្នាំនេះ។ ដើម្បីឈានទៅសម្រេចបាននូវការនាំចេញអង្ករទៅក្រៅប្រទេសចំនួន1លានតោន យើងត្រូវធ្វើស្រូវតាមបច្ចេកវិទ្យាទំនើប មិនធ្វើស្រូវរបៀបចាស់ទៀតឡើយ៕