ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើងជិត300% នៅក្នុងឆ្នាំ2020 ប្រការនេះបានជួយឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk កើនឡើងជិត3ដង ដោយបច្ចុប្បន្ន លោក Musk មានទ្រព្យជាង74ពាន់លានដុល្លារ។
ក្រោយបញ្ចប់ការជួញដូរកាលពីថ្ងៃទី20មករា តម្លៃមូលបត្ររបស់ Tesla បានកើន9.5% ពោលគឺក្នុង1ហ៊ុនមានតម្លៃ1,643ដុល្លារ។ ទ្រព្យសម្បត្តិរបស់ Elon Musk ដែលជា CEO នៃក្រុមហ៊ុន Tesla ក៏កើនឡើងទៅតាមនោះដែរ គឺកើនឡើងដល់74.2ពាន់លានដុល្លារអាមេរិក។ ដូច្នេះ មហាសេដ្ឋីរូបនេះ ក៏បានក្លាយជាអ្នកមានជាងគេលំដាប់ទី5ក្នុងពិភពលោក។ នេះបើតាមទស្សនាវដ្ដី Forbes។
ជាសរុប នៅក្នុងរយៈពេល3សប្ដាហ៍កន្លងទៅ មូលបត្រ Tesla កើនឡើង60% ហើយបើគិតតាមឆ្នាំវិញ Tesla កើនឡើងជិត300%។ លោក Musk កាន់កាប់ភាគហ៊ុន Tesla ប្រមាណជា21% ប៉ុន្តែជាងពាក់កណ្ដាលនៃចំនួននេះ ត្រូវបានយកទៅដាក់បញ្ចាំនៅធនាគារដើម្បីខ្ចីប្រាក់មកវិនិយោគបន្ថែម។ ក្រៅពីនេះ ភាគហ៊ុនរបស់លោក Musk នៅក្នុងក្រុមហ៊ុនអវកាស SpaceX ក៏មានតម្លៃប្រមាណជា15ពាន់លានដុល្លារផងដែរ។
បច្ចុប្បន្ន Tesla មិនត្រឹមតែជាក្រុមហ៊ុនផលិតរថយន្តដែលមានតម្លៃជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទុនសរុបចំនួន304.5ពាន់លានដុលារនោះទេ ប៉ុន្តែ Tesla មានតម្លៃទុនសរុបច្រើនជាងទុនរបស់ក្រុមហ៊ុនផលិតរថយន្ត Ford, Ferrari, General Motors និង BMW បូកចូលគ្នាទៀតផង។
តម្លៃមូលបត្ររបស់ Tesla បានឡើងថ្លៃជាបន្តបន្ទាប់ នាំឱ្យទ្រព្យរបស់លោក Musk បង្កើតបានកំណត់ត្រាថ្មីៗជាហូរហែក្នុងមួយរយៈពេលខ្លីកន្លងទៅនេះ។ ទស្សនាវដ្ដី Forbes បានឱ្យដឹងថា កាលពីពាក់កណ្ដាលខែមីនា លោក Musk មានទ្រព្យមិនដល់25ពាន់លានដុល្លារនោះទេ និងឈរលំដាប់លេខ31ក្នុងចំណោមអ្នកមានជាងគេក្នុងពិភពលោក។ លោក Elon Musk ចាប់ផ្ដើមមានវត្តមានជាលើកដំបូងក្នុងបញ្ជីឈ្មោះអ្នកមានជាងគេទាំង400នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ2012 ដោយមានទ្រព្យសរុប2.4ពាន់លានដុល្លារ និងឈរលំដាប់ទី190ក្នុងបញ្ជីនេះ។
ក្រុមហ៊ុន Tesla ផលិតបានរថយន្តចំនួន103,000គ្រឿងក្នុងត្រីមាសទី1នៃឆ្នាំ2020។ ចំណែក Toyota វិញ បាននាំចេញរថយន្តដល់ទៅ2.4លានគ្រឿងឯណោះ។
នៅក្នុងពិភពលោក អ្នកមានជាងគេបង្អស់នាបច្ចុប្បន្ន នៅតែជាម្ចាស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos ដោយមានទ្រព្យសរុប189ពាន់លានដុល្លារអាមេរិក។ កាលពីថ្ងៃទី20កក្កដា ទ្រព្យរបស់លោក Bezos បានកើន13ពាន់លានដុល្លារបន្ថែមទៀត ដោយសារតម្លៃមូលបត្រ Amazon កើន8%។ ឈរលំដាប់ទី2 គឺម្ចាស់ក្រុមហ៊ុន LVMH លោក Bernard Arnault ជាមួយនឹងទ្រព្យសរុប114ពាន់លានដុល្លារ។ លោក Bill Gates ឈរលំដាប់ទី3 (113ពាន់លានដុល្លារ) និងទី4គឺលោក Mark Zuckerberg (90ពាន់លានដុល្លារ)៕
ប្រភព៖ Forbes