“យមរាជៗ! យើងមកដល់ហើយៗ” Néstor Vargas និង Luis José Cerpa កំពុងតែឆ្លើយឆ្លងគ្នានៅលើរលកវិទ្យុទាក់ទង ក្នុងពេលពួកគេបើកបររថយន្តទៅកាន់មន្ទីរពេទ្យដែលបានជូនដំណឹងមកពួកគេថា “មានអ្នកជំងឺCOVID-19 បានស្លាប់”។
ស្លៀកពាក់ឈុតការពារវីរុសតាំងពីក្បាលដល់ចុងជើង Néstor Vargas និង Luis José Cerpa កំពុងតែធ្វើដំណើរទៅប្រមូលសាកសពនៃអ្នកជំងឺCOVID-19 នៅពាសពេញទីក្រុង Lima ក្នុងប្រទេសប៉េរូ។ នោះគឺជាមុខរបរដែលមានមនុស្សតិចតួចណាស់ដែលហ៊ានធ្វើ ព្រោះតែខ្លាចឆ្លងវីរុស។ ក៏ប៉ុន្តែ Néstor Vargas និង Luis José Cerpa ដែលជាជនអន្តោប្រវេសន៍មកពីប្រទេសវេណេស៊ុយអេឡានេះ ហ៊ានប្រឈមមុខនឹងហានិភ័យគ្រប់យ៉ាងនៅពេលពួកគេជ្រើសរើសការងារជាអ្នកប្រមូលសាកសពអ្នកជំងឺCOVID-19។
Vargas កាន់ទូរស័ព្ទដែលមានរូបភរិយាបណ្ដើរ ប្រាប់អ្នកយកព័ត៌មានបណ្ដើរថា “យើងពិតជាមានការភ័យខ្លាចឆ្លងវីរុស និងការចម្លងទៅអ្នកផ្ទះ ជាកន្លែងដែលខ្ញុំរស់នៅជាមួយម្ដាយ ភរិយា និងកូនៗ”។
យោងតាមអង្គការសហប្រជាជាតិ ពលរដ្ឋវេណេស៊ុយអេឡាជិត5លាននាក់បានចាកចេញពីប្រទេស ចាប់ពីឆ្នាំ2016 ក្នុងនោះមានយ៉ាងតិច878,000នាក់បានចូលមកកាន់ប្រទេសប៉េរូ ដើម្បីធ្វើការរកប្រាក់ចិញ្ចឹមជីវិត ឬផ្ញើទៅកាន់សាច់ញាតិដែលកំពុងជួបការលំបាកនៅឯស្រុកកំណើត។
Cerpa អាយុ21ឆ្នាំ ធ្លាប់ជានិស្សិតផ្នែករចនាក្រហ្វិកនៅមុនពេលមកកាន់ប្រទេសប៉េរូធ្វើជាអ្នករត់តុ។ ចំណែក Vargas វ័យ38ឆ្នាំ ធ្វើការនៅក្នុងក្រុមហ៊ុនរៀបចំពិធីបុណ្យសពនៅវេណេស៊ុយអេឡា ប៉ុន្តែ បច្ចុប្បន្នធ្វើជាអ្នកបើកបររថយន្តឱ្យក្រុមហ៊ុយហ្គាសមួយនៅប៉េរ៉ូ។ ពេល COVID-19 បានរាលដាលពេញតំបន់ ភ្ញៀវទេសចរណ៍ក៏លែងមាន ការងារក្នុងវិស័យដែលពួកគេធ្វើក៏ត្រូវបាត់បង់នៅសល់តែការងារក្នុងវិស័យរៀបចំបុណ្យសពតែប៉ុណ្ណោះ។
Vargas និយាយថា “ពួកយើងមិនបានធ្វើការអស់រយៈពេល3ខែមកហើយ ពួកយើងត្រូវការហូបចុក បង់ថ្លៃផ្ទះ និងផ្ញើប្រាក់ទៅឱ្យគ្រួសារនៅវេណេស៊ុយអេឡា។ មុខរបរនេះពិតជាមានការលំបាកច្រើនណាស់ ប៉ុន្តែដោយសារត្រូវការប្រាក់ ពួកយើងនៅតែធ្វើ”។
Vargas និង Cerpa ម្នាក់ៗអាចរកបានប្រហែល500ដុល្លារក្នុង1ខែៗ គឺច្រើនជាងជិតពីរដងបើធៀបនឹងប្រាក់ខែអប្បបរមានៅប្រទេសប៉េរូ។ ពួកគេធ្វើការរហូតដល់19ម៉ោងក្នុង1ថ្ងៃ និង7ថ្ងៃក្នុង1សប្ដាហ៍។
បើទោះជាប្រទេសប៉េរូ បានចាប់ផ្ដើមចាត់វិធានការទប់ស្កាត់យ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែ COVID-19 នៅតែឆ្លងរាលដាលដូចភ្លើងឆេះព្រៃ បណ្ដាលឱ្យមនុស្សជាង353,000នាក់បានឆ្លងវីរុស និងជាង13,000នាក់បានបាត់បង់ជីវិត។ ជារៀងរាល់លើក នៅពេល Vargas និង Cerpa ចូលទៅយកសាកសពតាមការហៅរក ពួកគេតែងតែត្រូវបានទទួលស្វាគមន៍ដោយសំឡេងទ្រហោយំពីម្ចាស់ផ្ទះជានិច្ច។ ពួកគេតាំងតែព្យាយាមដើរចូលយ៉ាងប្រញាប់ដើម្បីនាំយកសាកសព រួចត្រលប់ចេញយ៉ាងលឿន ប៉ុន្តែក៏នៅតែសំដែងការគោរពចំពោះគ្រួសារនៃសព។
នៅក្នុងសាលបូជាសព El Angel Cemetery បុគ្គលិកដែលធ្វើការងារជាអ្នកបូជា ឬរំលាយសព ក៏ជាជនជាតិវេណេស៊ុយអេឡាដែរ។ ពលរដ្ឋម្នាក់ឈ្មោះ Orlando Arteaga បាននិយាយថា “ជនជាតិប៉េរូមិនធ្វើការងារនេះទេ។ ពិតជាលំបាកណាស់”។
លោក Orlando Arteaga ធ្វើការ7ថ្ងៃក្នុង1សប្ដាហ៍ ដើម្បីរកប្រាក់ចិញ្ចឹមកូនៗចំនួន3នាក់នៅវេណេស៊ុយអេឡា និងកូនស្រីអាយុ2ឆ្នាំម្នាក់នៅ Lima។ លោក Orlando Arteaga ថ្លែងថា លោកមិនដែលស្មានដល់ថា លោកបានឃើញទិដ្ឋភាពស្លាប់យ៉ាងច្រើនបែបនេះសោះ។
លោក Arteaga អាយុ40ឆ្នាំ ជាអ្នកទទួលខុសត្រូវលើឡបូជាសព កំពុងតែធ្វើការយ៉ាងមមាញឹក។ សាកសពដែលដាក់ក្នុងមឈូសធ្វើអំពីក្រដាស់រឹងយ៉ាងច្រើនកំពុងស្ថិតនៅគរលើគ្នានៅក្បែរនោះ រង់ចាំដល់វេនត្រូវបូជា។
លោក Orlando Arteaga បន្តថា “នេះគ្រាន់តែជាសាកសពមួយចំនួនតួចប៉ុណ្ណោះ។ នៅមានសាកសពជាច្រើនទៀតដែលដាក់នៅកន្លែងផ្សេងៗ ដោយសារតែទីនេះពេញអស់ហើយ”។ លោកថ្លែងថា “ពិតជាមិនមានអ្នកណាម្នាក់គួរតែត្រូវធ្វើការនេះឡើយ សូម្បីតែមនុស្សដែលខ្ញុំស្អប់បំផុត”៕
ប្រភព៖ សារព័ត៌មានបរទេស