ប្រទេសអារ៉ាប់រួម បានធ្វើការបាញ់បង្ហោះយានអវកាសរបស់ខ្លួនមួយ ដែលនឹងធ្វើដំណើរឆ្ពោះទៅពិភពផ្កាយព្រះអង្គារ។
យានអវកាសដំបូងមួយនេះ ត្រូវបានបាញ់បង្ហោះចេញពីកោះ Tanegashima ប្រទេសជប៉ុន នាព្រឹកថ្ងៃទី20 ខែកក្កដា ឆ្នាំ2020។ នេះជាបេសកកម្មរុករកពិភពក្រៅផែនដី លើកដំបូងហើយ របស់ពិភពអារ៉ាប់។
យានអវកាសនេះ នឹងមិនចុះចតលើផ្ទៃដីពិភពផ្កាយព្រះអង្គារទេ ដោយគ្រាន់តែហោះនៅលើគន្លងផ្លូវ ក្នុងរយៈពេល 1ឆ្នាំនៃពិភពផ្កាយព្រះអង្គារ ឬស្មើនឹង 687ថ្ងៃរបស់ផែនដីប៉ុណ្ណោះ។
យានអវកាសដែលមានឈ្មោះថា «Amal ឬ HOPE» គ្រោងនឹងធ្វើដំណើររយៈពេល 7ខែ ចម្ងាយ 500លានគីឡូម៉ែត្រ ដើម្បីទៅដល់ពិភពផ្កាយព្រះអង្គារ ពោលគឺរំពឹងថា នឹងទៅដល់ទីនោះក្នុងអំឡុងខែកុម្ភៈ ឆ្នាំ2021 ដែលត្រូវនឹងខួប 50ឆ្នាំនៃការបង្កើតប្រទេសអារ៉ាប់រួម។
យាន HOPE ត្រូវបានបាញ់បង្ហោះតាមរយៈគ្រាប់រ៉ុក្កែត H-IIA F42 របស់ក្រុមហ៊ុនជប៉ុន Mitsubishi។ ដើមឡើយ បេសកកម្មនេះ គ្រោងបាញ់បង្ហោះតាំងពីថ្ងៃទី14 កក្កដា ប៉ុន្តែត្រូវពន្យារពេលមកដល់ថ្ងៃម្សិលមិញ(ទី20កក្កដា)នេះ ដោយសារបញ្ហាអាកាសធាតុ។
បេសកកម្មរបស់វា គឺដើម្បីផ្តិតយករូបភាពអាកាសធាតុ បរិយាកាសលើពិភពផ្កាយព្រះអង្គារ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ស្រាវជ្រាវបន្ថែម ក្នុងការបញ្ជូនមនុស្សទៅពិភពនោះ ក្នុងរយៈពេល 100ឆ្នាំក្រោយ។ អារ៉ាប់រួម ក៏ចង់ឱ្យគម្រោងការនេះ ក្លាយជាប្រភពជំរុញយុវជនអារ៉ាប់ផងដែរ៕