ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានថ្លែងថា បច្ចុប្បន្នការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មបានកើនឡើងជាង 90ភាគរយ និងកម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះមកនៅសល់តែជាង 4០ភាគរយប៉ុណ្ណោះ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា ការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះបានកើនដល់ប្រមាណ 96ភាគរយ ដែលធ្វើឲ្យវិស័យនេះទទួលបានតម្លៃបន្ថែមកាន់តែច្រើនតាមរយៈការកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មដែលធ្វើឲ្យមានការចំណាយខ្ពស់។ លោកបន្តថា ជាមួយគ្នានេះការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យនេះបានធ្លាក់ចុះពីជាង 80ភាគរយពីដើមទសវត្សរ៍ទី90 មកនៅត្រឹមប្រមាណ 41ភាគរយផងដែរនាពេលបច្ចុប្បន្ននេះ។
លោកបន្តថា “នេះជានិន្នាការធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ព្រោះនៅពេលប្រទេសរីកចម្រើន កម្លាំងពលកម្មក្នុងវិស័យកសិកម្មតែងតែធ្លាក់ចុះជារឿងធម្មតា ហើយជំនួសវិញដោយវិស័យបច្ចេកវិទ្យា”។ លោកបន្តថា “បច្ចុប្បន្ននៅប្រទេសជឿនលឿន មិនត្រឹមតែប្រើប្រាស់គ្រឿងយន្តសម្រាប់ស្ទូងនោះទេ តែពួកគេបានវិវឌ្ឍពីការស្ទូងពេលមានទឹក មកជាការស្ទូងស្ងួត ឬបុកដាំ ដែលចៀសវាងបាននូវការប្រឡាក់ប្រឡូស”។
លោក វេង សាខុន បានបន្តថា ជាមួយនឹងកំណើននៃផលិតផលកសិកម្ម លោករំពឹងថា ឆ្នាំនេះកម្ពុជាទទួលបានទិន្នផលស្រូវលើសពីជាង10លានតោន ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងឆ្លើយតបនឹងការនាំចេញអង្ករ ដែលការបញ្ជាទិញមានការកើនឡើងផងដែរ។ ជាក់ស្តែងក្នុងសប្តាហ៍នេះ ប្រទេសបង់ក្លាដែសគ្រោងទិញអង្ករពីកម្ពុជា1លានតោន ក្នុងរយៈពេល5ឆ្នាំគិតចាប់ពីឆ្នាំនេះដល់ឆ្នាំ 2021ខាងមុខ៕