រឿងប្រើពាក្យសំដីជាមួយគូស្នេហ៍គឺជារឿងសំខាន់ខ្លាំងណាស់ ព្រោះគូស្វាមីភរិយាដែលឈ្លោះគ្នាច្រើនតែកើតចេញពីពាក្យសំដីហ្នឹងឯង តើវានឹងល្អដែរទេ បើសិនជាយើងមានពាក្យសំដីដែលល្អៗពិរោះៗដែលសាងសម្ព័ន្ធភាពឱ្យកាន់តែរឹងមាំឡើងនោះ? ចូរនាំគ្នាហ្វឹកហាត់ឱ្យធ្លាប់មាត់ នោះជីវិតស្នេហ៍របស់អ្នកនឹងគ្មានថ្ងៃមានបញ្ហាដោយសារពាក្យសំដីឡើយ ដូច្នេះសូមសាកល្បងមើលប្រយោគដែលគួរនិយាយជាមួយមនុស្សដែលយើងស្រឡាញ់ ដែល ឡារ៉ែនលើកយកមកណែនាំក្នុងលេខនេះម្តងមើល។
1 . បង(ឬអូន)នៅត្រង់នេះណា៎
ពាក្យសំដីធម្មតាៗដែលអាចបង្ហាញបានថា អ្នកនឹងមិនព្រមលែងដៃពីគេ(ឬនាង)យ៉ាងពិតប្រាកដ មិនថាមានបញ្ហាអ្វីកើតឡើងនោះឡើយ។ បើអ្នកមិនដឹងថានឹងនិយាយអ្វីនៅពេលដែលគេ(ឬនាង)មានបញ្ហានឿយហត់នោះ សុំឱ្យនិយាយពាក្យនេះសិនទៅ ធានាថាអ្នកស្តាប់នឹងមានអារម្មណ៍សប្បាយចិត្តឡើងវិញមិនខាន។
2 . បង(ឬអូន)មានអ្វីល្អៗជាងបង(ឬអូន)ខ្លួនឯងគិតទៅទៀត
ពាក្យសំដីដែលសាងកម្លាំងចិត្តបានយ៉ាងល្អ គឺការជឿជាក់លើមនុស្សដែលយើងស្រឡាញ់បែបនេះឯង ត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យផ្ការីកស្គុះស្គាយនៅក្នុងចិត្តអ្នកស្តាប់ និងត្រៀមជាស្រេចក្នុងការក្រោកឡើងធ្វើអ្វីតាមក្តីស្រមៃរបស់ខ្លួនបានបាត់ទៅហើយ។
3 . សុំទោសណា៎
បើអ្នកដឹងខ្លួនថាខុស កុំបណ្តោយឱ្យបញ្ហាវារលាយបាត់ទៅដោយខ្លួនឯងដោយគ្មានអ្នកណានិយាយពាក្យថា សុំទោសឱ្យសោះ ពាក្យខ្លីៗមួយនេះមានមានថាមពលខ្លាំងក្លាខ្លាំងណាស់ អ្នកខ្លះគ្រាន់តែបានឮពាក្យថាសុំទោស ដួងចិត្តរបស់គេក៏ទន់ត្រជាក់ភ្លាមបាត់ទៅហើយ ដូច្នេះចូរនិយាយវាចេញមក វាគ្មានទៅខាតបង់អ្វីទេ។
4 . បង(ឬអូន)បារម្ភណា៎
បើសង្កេតឃើញថា គេ(ឬនាង)មានបញ្ហា មានរឿងពិបាកចិត្ត ឬកំពុងជួបនឹងបញ្ហាអ្វីមួយនោះ ប្រយោគដែលគួរនិយាយជាមួយគូស្នេហ៍ក៏គឺ “បង(ឬអូន)បារម្ភណា៎” តែប៉ុណ្ណឹងនឹងធ្វើឱ្យគូស្នេហ៍របស់អ្នករំភើបចិត្តបានទៅហើយ ដែលសំខាន់នោះវាថែមទាំងជាពាក្យសំដីដែលធ្វើឱ្យអ្នកស្តាប់ចង់ទម្លាយបញ្ហាប្រាប់យើងកាន់តែខ្លាំងឡើងទៀតផង។
5 . មានអ្វីអាចឱ្យបង(ឬអូន)ជួយបានទេ?
កុំបណ្តោយឱ្យបញ្ហារបស់គូស្នេហ៍ ក្លាយជាបញ្ហារបស់គេ(ឬនាង)តែម្នាក់ឯងអី គ្រាន់តែសួរគេយ៉ាងងាយៗថា មានអ្វីអាចឱ្យជួយបានទេ ប៉ុណ្ណឹង ក៏ប្រៀបដូចជាទឹកដ៏ត្រជាក់មកស្រោចស្រប់លើបេះដូងមនុស្សដែលកំពុងតានតឹងក្នុងអារម្មណ៍ឱ្យស្រស់ថ្លាឡើងវិញបានទៅហើយ។
6 . ខឹងតើ…តែមិនចង់បាត់បង់បង(ឬអូន)ទេ
ជាមួយសម្ព័ន្ធភាពស្នេហ៍ យ៉ាងណាៗក៏ត្រូវតែមានថ្ងៃដែលអ្នកឈ្លោះគ្នាដែរ តែបើសិនជាអ្នកប្រាប់ទៅគេ(ឬនាង)ថា អ្នកខឹងតែនៅតែស្រឡាញ់ តែប៉ុណ្ណឹងក៏នឹងធ្វើឱ្យអ្នកបានឮធូរស្រាលក្នុងចិត្ត ឬត្រៀមជាស្រេចក្នុងការចាប់ដៃកែខៃបញ្ហាជាមួយគ្នាបាត់ទៅហើយ។
7 . មនុស្សយើងសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់
ដូចគ្នានោះដែរ បើគូស្នេហ៍របស់អ្នកមានអារម្មណ៍តានតឹងធុញថប់ពីកំហុសឆ្គងរឿងការងារ រឿងផ្សេងៗក្នុងជីវិតប្រចាំថ្ងៃនោះ អ្នកត្រូវតែនិយាយឱ្យអារម្មណ៍គេត្រជាក់វិញ និងកែសម្រួលទស្សនៈរបស់គេ(ឬនាង)ថា មនុស្សគ្រប់រូបលើពិភពលោកនេះសុទ្ធតែធ្លាប់ធ្វើខុសទាំងអស់ហ្នឹង ហើយអ្នកត្រៀមជាស្រេចក្នុងការអត់ទោសឱ្យគេ(ឬនាង)ដូចគ្នានឹងគេ(ឬនាង)ក៏គួរតែអត់ទោសឱ្យខ្លួនឯងដែរ៕