រដូវភ្លៀងបែបនេះ បញ្ហាដែលចាំតែរំខានចិត្តលោកឪពុកអ្នកម្តាយនោះ ប្រហែលជាគេចមិនផុតពីសត្វមូសចង្រៃដែលចាំតែខាំកូនជាទីស្រឡាញ់គ្រប់ពេលវេលា។ មូសដែលខាំកូនៗយើង ភាគច្រើនៗតែជាមូសរំខានភេទញី ដែលវាត្រូវតែប្រើឈាមក្នុងការបង្កើតស៊ុត ហើយនៅពេលវាខាំ វានឹងបញ្ចេញទឹកមាត់ចេញមក ដែលជាមូលហេតុរបស់អាការកន្ទួលរមាស់ និងប្រតិកម្មចាញ់ហ្នឹងឯង ស្បែករបស់កុមារតូចៗដែលនៅស្តើង នៅពេលត្រូវមូសខាំក៏ក្លាយជាកន្ទួលពណ៌ក្រហមតូចមួយ មានអាការរមាស់ និងនៅលើក្មេងខ្លះដែលមានប្រតិកម្មចាញ់ទឹកមាត់មូសផងនោះ អាចឡើងកន្ទួលរឹងពណ៌ក្រហម ដែលវានឹងប្រើពេលវេលាយូរទំរាំនឹងស្រករាបទៅវិញ។ គឺជាបញ្ហាមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយពិបាកចិត្តខ្លាំង ថែមទាំងធ្វើឱ្យកូនតូចយំរករឿង មិនស្រួលខ្លួន និងអាចបន្សល់ទុកស្លាកស្នាមនៅលើស្បែកទៀតផង។
ការមើលថែទាំព្យាបាលនៅពេលមូសខាំកូន និងមានអាការប្រតិកម្មចាញ់មូសខាំ
– នៅពេលកូនត្រូវមូសខាំ ចូរលាងសម្អាតដោយទឹកស្អាត ឬទឹកលាយសាប៊ូតិចៗនៅត្រង់កន្លែងដែលមូសខាំនោះ
– ស្អំទឹកកក ឬជេលត្រជាក់ ដើម្បីកាត់បន្ថយអាការរមាស់
– បើមានអាការធ្ងន់ធ្ងរខ្លាំង ចាំបាច់ត្រូវតែនាំកូនតូចទៅជួបគ្រូពេទ្យ
– កាត់ក្រចកដៃកូនឱ្យខ្លីៗ ព្រោះកូនអាចនឹងអេះ ខ្វាច កន្លែងមូសខាំនោះរហូតក្លាយជាដំបៅ
ការមើលថែទាំកូនតូចក្នុងរដូវភ្លៀងបែបនេះ គឺជារឿងសំខាន់ណាស់ ព្រោះក្រៅពីមូសហើយនោះ នៅមានជំងឺ និងរោគចង្រៃជាច្រើនទៀតដែលមកជាមួយទឹកភ្លៀង វិធីដែលល្អបំផុតនោះគឺ ត្រូវស្លៀកពាក់ឱ្យកូនតូចឱ្យបានជីតគត់មត់ និងឱ្យនៅក្នុងទីកន្លែងដែលភ្លឺស្រឡះ ដើម្បីសុវត្ថិភាពរបស់កូន៕