យោងតាមការបង្ហោះរបស់ផេកសិល្បករកម្ពុជា បានរៀបរាប់ថា « ទោះបីគាត់ឈឺធ្ងន់យ៉ាងណារហូតដល់ទទួលមរណភាពថ្ងៃនេះក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចាំពីទេពកោសល្យសម្តែងរបស់លោកតាយ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក» នៅក្នុងយីកេររឿងព្រះវេសន្តរអំឡុងឆ្នាំ80ជាង ។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបបន្ថែមថា ព្រឹទ្ធាចារ្យសិល្ប ព្រីង សាឃន (ប្រហែលជាកើតនៅឆ្នាំ 1936 ឬ 1937) កើតនៅ ភូមិព្រែកដំបូក ស្រុកស្រីសន្ធរ ខែត្រកំពង់ចាម ។ នៅឆ្នាំ 1953 លោកបានចូលរៀនផ្នែកល្ខោននិយាយនៅអតីតសាលាល្ខោនជាតិ ដែលក្រោយមកប្ដូរឈ្មោះមកជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ បន្ទាប់ពីរៀនចប់ហើយ លោកបានសម្ដែងនៅលើឆាកជាច្រើនរឿង តែក្នុងតំណែងជាតួរាយរងប៉ុណ្ណោះ ។
នៅក្រោយរបបខ្មែរក្រហមដួលរលំទៅ គាត់បានត្រឡប់មកភ្នំពេញវិញ ដោយប្រកបអាជីពជាអ្នកសម្ដែងជាតួរាយរងដដែរ ។ តួអង្គដែលធ្វើឲ្យទស្សនិកជនស្គាល់គាត់ច្បាស់បំផុតនោះ គឺការសម្ដែងជា តាជូជក ក្នុងរឿងព្រះវេស្សន្ដរ នៅឆ្នាំ 1993 ។
នៅថ្ងៃ9 ខែមករា 2013 គាត់បានទទួលងារជា នាដកោសល្យវដ្តី យោងតាម ព្រះរាជក្រឹត្យ ស្ដីពីប្រព័ន្ធមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបនឹង ការលះបង់ និងការពុះពារឥតខ្លាចនឿយហត់ ក្នុងការធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ។ ជាមួយគ្នានេះដែរគាត់ទទួលបាន មេដាយមាសការងារ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ៕