បណ្ដាញសង្គមTwitter ថ្មីៗនេះបានឱ្យដឹងថា ការដែល Hacker អាចលុកលុយគណនីល្បីៗជាច្រើនបែបនេះបាន គឺដោយសារតែបុគ្គលិករបស់ខ្លួន បានធ្វេសប្រហែស ធ្វើលេចធ្លាយ Tool សម្រាប់ប្រើប្រាស់ផ្ទៃក្នុង។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Twitter។
ក្នុងសប្ដាហ៍នេះ គេសង្កេតឃើញថា គណនីលោក Elon Musk និងលោក Bill Gates ត្រូវរងគ្រោះមុនគេ បន្ទាប់មកគឺ Apple ក៏ស្ថិតក្នុងចំណោមគណនី Twitter ល្បីៗ ដែលត្រូវជនអនាមិកចូលលុកលុយបានដែរ។
សម្រាប់រឿង Hack ចូល Apple ជាដំណឹងភ្ញាក់ផ្អើលជាងគេ ដោយសារតែជាសារបោកយកប្រាក់អំពី Bitcoin ដោយសរសេរថា “សុំឱ្យផ្ញើ Bitcoin ទៅកាន់អាសយដ្ឋានមួយដែលដាក់ក្នុងសាររបង្ហោះ” តែសារបោកប្រាស់នេះ ត្រូវបានគេលុបចេញភ្លាមៗ ពីគណនី ក្រោយពេលបង្ហោះរួច។
គួររំឭកដែរថា Apple បានបង្កើតគណនី Twitter ជាផ្លូវការក្នុងឆ្នាំ2016 ដែលក្រុមហ៊ុនអាចប្រើប្រាស់វាសម្រាប់ផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ប៉ុន្តែតាំងពីពេលបង្កើត រហូតមកដល់បច្ចុប្បន្ននេះ Apple មិនដែលធ្វើការបង្ហោះអ្វី សូម្បីតែម្ដង នៅលើគណនីនេះឡើយ៕