ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងស្រុក រដ្ឋាភិបាលបានប្រកាសលើកទឹកចិត្តដល់កសិករតាមរយៈការបិទការនាំចូលផលិតផលកសិកម្មមួយចំនួន ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងរយៈពេលចុងក្រោយនេះគឺបញ្ចុះតម្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ដើម្បីបូបទឹកដាក់កសិផលជាដើម។
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ក្រសួងបានដាក់ចេញផែនការបន្ថយថ្លៃលក់អគ្គិសនីឱ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ថ្លៃអគ្គិសនីរបស់អ្នកប្រើប្រាស់សម្រាប់ឆ្នាំ 2020-2021។ ក្នុងផែនការខាងលើនេះ អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្មនឹងទទួលបានការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្មនៅពេលយប់ចាប់ពីម៉ោង 9យប់ ដល់ម៉ោង 7ព្រឹក ដោយក្នុងរយៈពេលនេះកសិករត្រូវបានអនុគ្រោះឱ្យបង់ត្រឹមតែ 480រៀលប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង។
តាមការបញ្ជាក់របស់ស្ថាប័នជាតិខាងលើបានឱ្យដឹងថា ក្នុងក្របខណ្ឌនៃផែនការកាត់បន្ថយអគ្គិសនី អ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យកសិកម្ម សំដៅលើទីតាំងទាំងឡាយណាដែល ធ្វើកសិកម្មដាំដុះ ចិញ្ចឹម និងនេសាទ។ បន្ថែមពីលើនេះ ការធ្វើសកម្មភាពកែច្នៃផលិតផលចេញពីសកម្មភាពខាងលើដូចជាការបូមទឹក ការសម្ងួត ការបង្កក និងការផលិតជីកសិកម្មទាំងឡាយក៏ទទួលបានការអនុគ្រោះផងដែរ។ ចំណុចសំខាន់មួយទៀតដែលត្រូវអនុគ្រោះ គឺការធ្វើសកម្មភាពកែច្នៃផលិតផលដូចជា ម៉ាស៊ីនកិនស្រូវ រោងចក្រផលិតជាគ្រឿងកំប៉ុងលើផលិតផលកសិកម្ម និងរោចក្រផលិតចំណីសត្វជាដើម៕