ភ្នំពេញៈ ចំនួនផ្សារទំនើបធំៗចំនួន6ទៀត នឹងបើកដំណើរការនៅឆ្នាំ 2018 ខាងមុខនេះ ខណៈកម្លាំងនៃការទិញរបស់ប្រជាពលរដ្ឋខ្មែរ មានការកើនឡើងផងដែរ ដែលធ្វើឲ្យអ្នកជំនាញបានជំរុញឲ្យអ្នកវិនិយោគគិតគូរលើកត្តាមួយចំនួន។
ផ្សារទំនើបធំៗទាំង6នោះ រួមមាន ផ្សារទំនើប AEON Mall 2 ផ្សារ Parkson Mall ផ្សារ Olympic Plaza និងផ្សារទំនើបក្នុងគម្រោង The Bridge ផ្សារទំនើប MAKRO ជាផ្សារលក់ទំនិញបោះដុំរបស់ប្រទេសថៃ និងផ្សារទំនើបក្រោមដី ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប។
អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី5 សីហាថា ជាមួយនឹងការចូលមកដល់នូវផ្សារទំនើបថ្មីៗ និងផ្សារទំនើបជាច្រើនទៀតកំពុងត្រៀមបើកដំណើរការនៅឆ្នាំ 2018ខាងមុខ អ្នកនាងគិតថា អ្នកវិនិយោគបានសិក្សាច្បាស់លាស់ពីស្ថានភាពទីផ្សារ និងកម្លាំងនៃការទិញរបស់ប្រជាពលរដ្ឋខ្មែររួចហើយមុនធ្វើការវិនិយោគ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកវិនិយោគគួរសិក្សាពីកត្តាមួយចំនូនទៀតដូចជា កម្លាំងនៃការទិញ ការរៀបចំ និងរចនាកន្លែងលក់ឲ្យមានភាពទាក់ទាញ និងតម្រូវការនៅក្នុងទីផ្សារនេះ។
អ្នកនាងបន្តថា “កម្លាំងទិញនៅកម្ពុជាកើនឡើង ប៉ុន្តែភាគច្រើនប្រជាពលរដ្ឋផ្តោតលើការកម្សាន្ត និងការញុំាច្រើនជាងនៅតាមបណ្តាផ្សារទំនើបនានា”។ អ្នកនាងបន្ថែមថា “ការមកដល់នូវផ្សារទំនើបថ្មីៗ មិនមានបញ្ហានៅក្នុងទីផ្សារនោះទេ យើងស្វាគមន៍ការវិនិយោគនានា ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”។
ទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ធៀបនឹងមនុស្សម្នាក់មានប្រមាណ០,1ម៉ែត្រការ៉េ ខណៈប្រទេសថៃទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់មាន០,4ម៉ែត្រការ៉េ។
ទាក់ទងនឹងទំហំផ្សារធៀបនឹងចំនួនប្រជាជនកម្ពុជា អ្នកនាងអាន សុធីតាបានពន្យល់ថា ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅក្រុងភ្នំពេញមានការកើនឡើង តែទាបជាងប្រទេសថៃ ប៉ុន្តែផ្សារទំនើបនៅកម្ពុជាពឹងផ្អែកលើប្រជាជនក្នុងស្រុកច្រើនជាង ខុសពីប្រទេសថៃដែលផ្សារទំនើបមិនត្រឹមតែពឹងផ្អែកប្រជាជនក្នុងស្រុកនោះទេ ប៉ុន្តែប្រទេសថៃមានកម្លាំងទិញខ្លាំង និងមានការរួមចំណែកពីភ្ញៀវទេសចរច្រើនផងដែរ៕