ក្រោយពេលមានការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកប្រែប្រួលយ៉ាងខ្លាំង ដោយក្នុងនោះវិស័យដឹកជញ្ជូនជាផ្នែកសំខាន់មួយដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ជំងឺ Covid-19 បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ជាលទ្ធផលនៅក្នុងឆមាសទី1 ដើមឆ្នាំ2020នេះ អ្នកដំណើរដែលចូលមកកាន់ប្រទេសកម្ពុជាបានធ្លាក់ចុះ 68% ដោយមានចំនួនត្រឹមតែ 1.95លាននាក់ប៉ុណ្ណោះ។ ចំណែកឯការចរាចរណ៍ទំនិញវិញក៏មានការធ្លាក់ចុះរហូតដល់ទៅ 30% ដោយមានចំនួនប្រមាណ 25,000តោន។
បញ្ហាទាំងអស់នេះក៏មានការចូលរួមមួយផ្នែកផងដែរពីការបិទច្រកទ្វាឆ្លងកាត់ព្រំដែនបណ្តោះអាសន្ន ដោយមានការឯកភាពគ្នាពីប្រទេសជិតខាង ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺ Covid-19។ ទោះជាយ៉ាងនេះក្តីកម្ពុជាក៏ព្យាយាមក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ដោយចេញវិធានការសំខាន់ៗចំនួន3 ដើម្បីធានាថាការដឹកជញ្ជូនទំនិញនៅតែអាចធ្វើបាន ស្របពេលដែលការការពារពីជំងឺឆ្លង Covid-19 នៅតែត្រូវបានអនុវត្ត។
វិធានការសំខាន់ទី1 គឺត្រូវផ្ទេរទំនិញពីរថយន្តដឹកទំនិញរបស់ប្រទេសនាំចេញទៅកាន់ប្រទេសនាំចូលនៅត្រង់ទីតាំងកំណត់មួយ។
វិធានការទី2 ត្រូវប្តូររ៉ឺម៉កសណ្តោងនៅត្រង់ទីតាំងកំណត់នោះ។
វិធានការទី3 កំណត់ចំនួនរថយន្តចេញ-ចូលឱ្យបានច្បាស់លាស់តាមពេលម៉ោងជាក់លាក់ និងការកំណត់ចំនួនមនុស្សច្រើន បំផុតក្នុងរថយន្តត្រឹមចំនួន2នាក់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19៕