អំឡុងពេលគ្រប់ខែជិតប្រសូត គឺជាពេលវេលាដែលគួរឱ្យរំភើបត្រេកអររបស់ស្ត្រីដែលជាម្តាយ និងសមាជិកក្នុងក្រុមគ្រួសារខ្លាំងណាស់ តែនៅក្នុងក្តីរំភើបត្រេកអរនោះ ប្រហែលជាលាយឡំទៅដោយក្តីព្រួយបារម្ភមិនតិចឡើយ ព្រោះ ឡារ៉ែនជឿថាស្រ្តីមានគភ៌ទាំងឡាយប្រហែលជាធ្លាប់បានឮរឿងរ៉ាវនៃការប្រសូតអំពីអ្នកដែលមានបទពិសោធន៍ខ្លះៗមកហើយមិនខាន ទាំងរឿងរបស់ភាពឈឺចាប់ក្នុងពេលប្រសូត ថែមទាំងនៅមានភាពរារែកស្ទាក់ស្ទើរ ព្រោះមិនដឹងថា នឹងជ្រើសរើសយកការប្រសូតដោយវិធីណាល្អ រវាងការប្រសូតតាមធម្មជាតិ ឬក៏ប្រសូតដោយការវះកាត់ ដូច្នេះបើកំពុងតែរារែកស្ទាក់ស្តើរបែបនេះ ឡារ៉ែនសូមណែនាំស្រ្តីមានគភ៌គ្រប់ខែទាំងអស់មកមើលពី ចំណុចល្អ 7 យ៉ាងរបស់ការប្រសូតតាមធម្មជាតិវិញម្តង។
1. ធ្វើចលនាបានយ៉ាងសេរី
ហេតុផលលំដាប់មុនៗគេដែលស្រ្តីមានគភ៌គ្រប់ខែគួរតែជ្រើសរើសយកការប្រសូតតាមធម្មជាតិនោះគឺ ការប្រសូតបុត្រតាមវិធីធម្មជាតិនេះនឹងបើកឱកាសឱ្យរាងកាយអ្នកម្តាយធ្វើចលនាបានយ៉ាងសេរីច្រើនជាងការប្រសូតដោយការវះកាត់ និងថែមទាំងអាចកំណត់ទិសដៅការធ្វើចលនារបស់ទារកបានខ្លាំងជាងទៀតផង។
2. មានសុវត្ថិភាពចំពោះទារក
ជាប្រក្រតីហើយ បើអ្នកម្តាយ និងកូនតូចគ្មានបញ្ហាអ្វីដែលត្រូវកង្វល់ទេនោះ គ្រូពេទ្យភាគច្រើននឹងណែនាំឱ្យប្រសូតដោយវិធីធម្មជាតិច្រើនជាងការប្រសូតដោយការវះកាត់ ដោយសារតែរាងកាយរបស់អ្នកម្តាយខ្លួនឯងអាចប្រឹងប្រសូតបានតាមធម្មជាតិដោយមិនចាំបាច់ត្រូវពឹងលើថ្នាំ ឬសារធាតុគ្រោះថ្នាក់អ្វីដែលនាំឱ្យប្រថុយប្រថានដល់កូនតូចឡើយសូម្បីតែបន្តិច។
3. រាងកាយឆាប់វឹលទៅរកសភាពដើមលឿនជាង
អាចមើលទៅដូចជាការប្រសូតតាមធម្មជាតិនឹងសាងនូវការឈឺចាប់ដល់អ្នកម្តាយខ្លាំងជាងការវះប្រសូត តែការពិតទៅ ការប្រសូតតាមវិធីធម្មជាតិនឹងធ្វើឱ្យអ្នកម្តាយឈឺចាប់តែក្នុងអំឡុងពេលដែលបញ្ចេញកម្លាំងប្រឹងបញ្ចេញទារកមក និងបន្ទាប់ពីនោះតែបន្តិចទៀតប៉ុណ្ណោះ តែបន្ទាប់ពីនោះមក ក្រោយពេលប្រសូតរួច អ្នកម្តាយនឹងបានទទួលថ្នាំបំបាត់ការឈឺចាប់ និងវិធីការស្តាសភាពរាងកាយផ្សេងៗដែលលោកគ្រូពេទ្យបានណែនាំ ថែមទាំងស្នាមរបួសនៅតូចជាងការវះពោះប្រសូតទៀតផង។
4. ប្រសូតលឿនជាង
ការវះប្រសូត គ្រូពេទ្យនឹងត្រូវចាក់ថ្នាំស្ពឹក និងត្រៀមឧបករណ៍សម្រាប់ធ្វើការវះប្រសូតទៀតជាច្រើន ដើម្បីឱ្យទារកបានបើកភ្នែកចេញមកពីផ្ទៃម្តាយបានយ៉ាងល្អឥតខ្ចោះមួយរយភាគរយ ដែលវាក៏ជាការពន្យារពេលកម្មវិធីការប្រសូតឱ្យកាន់តែយឺតយូរតទៅទៀត តែបើអ្នកសម្រេចចិត្តប្រសូតតាមវិធីធម្មជាតិវិញនោះ រាងកាយរបស់អ្នកម្តាយនឹងបានរៀនយល់ដឹងពីវិធីការផ្តល់កំណើតកូនតូចដោយសញ្ជាតិញាណស្រាប់ហើយនោះ ក៏នឹងជួយសម្រួលឱ្យអ្នកប្រសូតបុត្រយ៉ាងសុវត្ថិភាព និងប្រើពេលវេលាមិនយូរទៀតផង។
5. មានឱកាសបានសិក្សាអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើងទៀតផង
តាំងពីពេលដែលស្រ្តីមានគភ៌សម្រេចចិត្តរួចហើយថា នឹងប្រសូតតាមវិធីធម្មជាតិនោះ ស្រ្តីមានគភ៌ និងស្វាមីនឹងចាប់ផ្តើមសិក្សាពីព័ត៌មាន និងមើលថែទាំខ្លួនយ៉ាងពិតប្រាកដ ហើយការស្វែងរកព័ត៌មានច្រើនៗបែបនេះនឹងធ្វើឱ្យស្រ្តីមានគភ៌ខ្លួនឯងបានទទួលនូវចំណេះដឹងល្អៗ និងវិធីមើលថែទាំខ្លួនឯងទាំងមុនពេលប្រសូត និងក្រោយពេលប្រសូតបានច្រើនឡើងទៀតផង។
6. មានមោទនភាពលើភាពជាម្តាយរបស់ខ្លួនឯង
អ្នកណាៗក៏ដឹងដែរថា ការប្រសូតតាមវិធីធម្មជាតិនឹងត្រូវប្រើភាពក្លាហាន និងភាពអំណត់អត់ធន់របស់ស្រ្តីជាម្តាយខ្លាំងប៉ុនណានោះ ដូច្នេះបើអ្នកអាចឆ្លងកាត់អំឡុងពេលនៃការឈឺចាប់ខ្លាំងក្លាដ៏សែនមានតម្លៃបែបនោះមកបាន វាគឺជារឿងធម្មតាមួយដែលអ្នកនឹងកើតមានអារម្មណ៍មោទនភាពលើខ្លួនឯងយ៉ាងខ្លាំងបំផុត ក្រៅពីនេះ គេនាំគ្នានិយាយថា ការប្រសូតតាមវិធីធម្មជាតិនឹងបង្កើនអារម្មណ៍អាណិតស្រឡាញ់រវាងស្រ្តីជាម្តាយ និងកូនបានខ្លាំងជាងការវះកាត់ប្រសូតទៅទៀត។
ការបានក្លាយជាម្តាយមនុស្ស គឺជារឿងមួយដែលគួរឱ្យអស្ចារ្យ និងគួរឱ្យលើកតម្កើងស្រាប់ទៅហើយ មិនថាដោយហេតុផលអ្វីទាំងអស់ ដូច្នេះមិនថាអ្នកនឹងជ្រើសរើសឱ្យកូនជាទីស្រឡាញ់ចាប់កំណើតឡើងដោយវិធីណាក៏ដោយ សុទ្ធតែគួរឱ្យសរសើរតម្កើងដូចគ្នាទាំងអស់ តែបើសិនជាអាចទៅរួច ការប្រសូតតាមវិធីធម្មជាតិ ជាវិធីដែលល្អបំផុត ដោយសារមានចំណុចល្អដល់ទៅ 6 ចំណុចនេះឯង៕