ក្រុមហ៊ុន OPPO បានប្រកាសចេញបច្ចេកវិទ្យាសាកថ្មថ្មី កម្លាំងដល់ 125W ដោយបានអះអាងថា ជាបច្ចេកវិទ្យាឈានមុខគេ ក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ។ OPPO ក៏តែងតែជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្ដល់ដំណោះស្រាយការសាកថ្មល្បឿនលឿន ដែលបានបង្កើតនូវបច្ចេកវិទ្យាទំនើបៗ ដូចជា Dash Charge ជាដើម។
បើទោះជា OPPO មិនទាន់បានប្រកាសនៅឡើយថា ស្មាតហ្វូនណានឹងប្រើប្រាស់បច្ចេកវិទ្យានេះមុនគេក្ដី តែដើម្បីបង្កើតបច្ចេកវិទ្យានេះបាន មិនមែនជារឿងងាយៗ ដែលគ្រាន់តែបង្កើតដុំសាកថ្មកម្លាំងខ្លាំង រួចដោតចូលទៅស្មាតហ្វូនធម្មតាៗនោះទេ។ គេត្រូវឌីហ្សាញដុំសាក ខ្សែតភ្ជាប់ និងថ្មជាថ្មី ដែលអាចទ្រាំទ្រនឹងបច្ចេកវិទ្យាថ្មីនេះ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព។
យោងតាមការអះអាងរបស់ OPPO បានឱ្យដឹងថា បច្ចេកវិទ្យាថ្មីកម្លាំង 125Wនេះ អាចសាកថ្មទំហំ 4000mAh ដោយចំណាយពេលត្រឹម 20នាទីប៉ុណ្ណោះ ហើយសាក 5នាទី បានថាមពលថ្មរហូតដល់ 41%។
ក្រៅពីនោះ OPPO ក៏បានប្រកាសចេញបច្ចេកវិទ្យា AirVOOC 65W ដែលជាបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែ អាចសាកថ្មទំហំ 4000mAh ដោយប្រើពេលត្រឹម 30នាទីប៉ុណ្ណោះ៕