ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃ App សម្រាប់ការសិក្សាពីចម្ងាយ ដល់សិស្សានុស្សទូទាំងប្រទេសបានសិក្សា។
លក្ខណៈពិសេសនៃមុខងាររបស់ App នេះ គឺវាមានមាតិកាឌីជីថលដែលមានភាពងាយស្រួលបំផុត ក្នុងទម្រង់ជាវីដេអូបង្រៀន ដែលរៀបចំតាមថ្នាក់ពីថ្នាក់ទី9 ដល់ថ្នាក់ទី12 និងមុខវិជ្ជាផ្សេងៗ ដោយសិស្សានុសិស្សគ្រាន់តែបំពេញព័ត៌មាននូវឈ្មោះខេត្ត សាលារៀន និងកម្រិតថ្នាក់រៀន។ បន្ថែមពីលើនេះ App ខាងលើក៏ផ្តល់លទ្ធភាពដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់ អាចចម្លង ឬ Download វីដេអូនៃការបង្រៀននេះមករក្សាទុកក្នុងទូរស័ព្ទរបស់ខ្លួន ដោយល្បឿនលឿនចេញពីមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេស ហើយអាចបើកមើលបាននៅគ្រប់ពេលវេលា។ លើសពីនេះទៅទៀតក្នុងកម្មវិធីនេះក៏មានការចូលរួមសហការពីប្រតិបត្តិករទូរសព្ទដៃ និងក្រុមហ៊ុនផ្តល់សេវា Internet ដែលផ្តល់ជូនសិស្សានុសិស្សក្នុងការលើកលែងថ្លៃសេវា ឬកញ្ចប់ពិសេសណាមួយសម្រាប់ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ។
ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងប្រែក្លាយវិបត្តិនៃជំងឺ Covid-19 ឱ្យក្លាយជាឱកាសក្នុងការបង្កើតការអប់រំតាមបែបឌីជីថល ដើម្បីរក្សាគុណភាព សមធម៌ បរិយាប័ន្ន និងការអប់រំពេញមួយជីវិតដល់សិស្សានុសិស្ស៕