លោក Arsene Wenger បានអំពាវនាវឲ្យក្រុម Arsenal កសាងការជឿជាក់របស់ពួកគេ ក្រោយពីបានយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងការប្រកួតដណ្តើមពានបើករដូវកាល Community Shield តាមរយៈការចាប់ផ្តើមឲ្យបានល្អ និងរឹងមាំប្រកបដោយស្មារតីប្រយុទ្ធក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ នឹងឈានទៅកាន់យុទ្ធនាការថ្មី ក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងក្លា ក្រោយពីបានបន្តកុងត្រារយៈពេល2ឆ្នាំជាមួយនឹងក្លិប Arsenal កាលពីខែឧសភា ឆ្នាំមុន ពោលគឺបន្ទាប់ពីជួបភាពត្រដាបត្រដួសកាលពីរដូវកាលមុន ដែលក្នុងពេលនោះក្រុមរបស់លោក បានខកខានក្នុងការឈ្នះកៅអីទៅកាន់ក្របខ័ណ្ឌ Champions League ជាលើកទី1ចាប់តាំងពីឆ្នាំ1997មក។ ប៉ុន្តែ រូបលោកហាក់ដូចជាមានអារម្មណ៍ធូរស្រាល ក្រោយពីក្រុមរបស់លោកបានធ្វើការវាយបកដើម្បីផ្តួលក្រុមម្ចាស់ជើងឯក Chelsea នៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ក្រោយពីកត់ត្រាជ័យជម្នះដោយបាល់ប៉េណាល់ទី ក្នុងលទ្ធផល 4-1 បន្ទាប់ពីការប្រកួតនេះបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅម៉ោងធម្មតា។
លោក Wenger បានចាត់ទុកថា ការឈ្នះពាន Community Shield ដែលជាការឈ្នះជាលើកទី15ក្នុងប្រវត្តិសាស្ត្ររបស់ Arsenal «គឺជាការលើកទឹកចិត្តដ៏ធំមួយ»។ បច្ចុប្បន្ន គ្រូបង្វឹករូបនេះ ចង់ឲ្យក្រុមកាំភ្លើងធំរបស់លោកគេចឲ្យផុតពីការចាប់ផ្តើមមិនបានល្អដូចក្នុងក្របខ័ណ្ឌ Premier League កាលពី2រដូវកាលមុន ដែលនៅពេលនោះ ពួកគេបានរងបរាជ័យក្នុងការប្រកួតបើកឆាកទាំង2លើក ដើម្បីក្លាយជាគូប្រជែងដ៏ខ្លាំងក្នុងការប្រជែងដណ្តើមពាន។
គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងចង់ស្វែងរកតុល្យភាពរវាងការជឿជាក់ដែលយើងមានពីការប្រកួតនេះ និងការជឿជាក់ដ៏ចាំបាច់ដែលតម្រូវឲ្យមានរាល់ការប្រកួតក្របខ័ណ្ឌ Premier League ទាំងអស់»។ លោក Wenger បានបន្ថែមទៀតថា៖ «យើងចង់ឲ្យមានសាមគ្គីភាព និងរក្សាការស្ថិតនៅជាមួយគ្នាពេលមួយរដូវកាលនេះ»៕
ប្រភពពី៖ The Guardian