អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ចំណូលពន្ធរយៈពេល6ខែដើមឆ្នាំ 2020នេះ មានការធ្លាក់ចុះចំនួន 16.2% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ការធ្លាក់ចុះនេះបណ្តាលមកពីផលប៉ះពាល់នៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម គុណ ញឹម ប្រិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល6ខែដើមឆ្នាំ2020នេះ ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មានចំនួន 5,152.6ប៊ីលានរៀល ស្មើនឹងប្រហែល 1,272.2លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ 2019 ចំណូលឆ្នាំនេះមានការធ្លាក់ចុះចំនួន 16.2% ដោយក្នុងនោះចំណូលពន្ធដែលបានមកពីមុខទំនិញយានយន្តបានថយចុះចំនួន 31.7% និងចំណូលមកពីគ្រឿងសំណង់ថយចុះ 28.2% ស្របពេលដែលមុខទំនិញប្រេងឥន្ធនៈកើនឡើង 5.5% និងមុខទំនិញចម្រុះផ្សេងទៀតក៏កើនឡើងប្រមាណ 3.1% ផងដែរ។
ឯកឧត្តមបញ្ជាក់ថា ការធ្លាក់ចុះនេះកើតឡើងដោយសារតែការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឱ្យទីផ្សារក្នុងស្រុក និងការនាំចេញរបស់កម្ពុជារងផលប៉ះពាល់។ ទន្ទឹមនឹងនេះ វាក៏បណ្តាលមកពីបញ្ហាលំហូរពាណិជ្ជកម្មអន្តរជាតិរងផលប៉ះពាល់ ជាពិសេសប្រទេសដែលជាទីផ្សារសំខាន់ៗរបស់កម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ហេតុនេះហើយទើបធ្វើឱ្យយើងបាត់បង់ទីផ្សារមួយចំនួនសម្រាប់ការនាំចេញ៕