ប្រទេសចិនកំពុងតែបង្កើនការដាក់ពង្រាយមធ្យោបាយឆ្លាតវៃនានានៅឯទីក្រុង Tianjin ជាមួយនឹងម៉ូដែលរថយន្តលក់ទំនិញ និងរថយន្តល្បាត ដែលដំណើរការដោយប្រព័ន្ធឆ្លាតវៃ ក៏ដូចជាបើកបរដោយស្វ័យប្រវត្តិ។
រថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃនេះ រួមមានរថយន្តល្បាតមួយគ្រឿង និងរថយន្តលក់ទំនិញស្វ័យប្រវត្តិមួយគ្រឿង ដែលត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងឧទ្យានមួយដែលមានទំហំ36គីឡូម៉ែត្រក្រឡា នៅក្នុងទីក្រុង Tianjin ប្រទេសចិន។
រថយន្តទាំងនេះ អាចដំណើរការដោយខ្លួនឯងទាំងស្រុង ដោយមិនចាំបាច់មានមនុស្សបញ្ជា។ រថយន្តលក់ទំនិញ ត្រូវបានបំពាក់ប្រព័ន្ធវិញ្ញាណ (Sensor) ការពារការប៉ះទង្គិច និងអនុញ្ញាតឱ្យស្គាល់ និងសម្គាល់មុខរបស់អតិថិជនដែលមកទិញទំនិញនៅពីរថយន្តនេះ។ ចំណែកការទូទាត់ថ្លៃទំនិញ គឺត្រូវបានធ្វើឡើងតាមរយៈកាបូបអេឡិចត្រូនិច។
រីឯរថយន្តល្បាតវិញ ត្រូវបានបំពាក់ប្រព័ន្ធកាមេរ៉ា360អង្សា។ រថយន្តនេះអាចបញ្ជូនទិន្នន័យជារូបភាព និងវីដេអូទៅកាន់មជ្ឈមណ្ឌលសន្តិសុខ ក្នុងល្បឿនលឿនបំផុត។
នៅក្នុងការដាក់ឱ្យដំណើរការសាកល្បង រថយន្តទាំងនេះចំណាយពេល20នាទីដើម្បីបញ្ចប់ការល្បាតមួយជុំ (ឧទ្យាន)។ ទីក្រុង Tianjin មានផែនការពង្រីក “ដែនដី” សម្រាប់ដំណើរការសាកល្បងទៅលើប្រភេទរថយន្តឆ្លាតវៃទាំងនេះឱ្យបាន300គីឡូម៉ែត្រ នៅក្នុងឆ្នាំ2024៕
ប្រភព៖ Xinhua