បណ្ដុំរូបភាពជិតបំផុតរបស់ព្រះអាទិត្យដែលត្រូវបានយានអវកាស Orbiter ថតបាននៅពេលហោះហើរក្នុងរយៈចម្ងាយ75.6លានគីឡូម៉ែត្រពីព្រះអាទិត្យ នឹងត្រូវបានអង្គការ NASA ប្រកាសបង្ហាញនៅវេលាម៉ោង19យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី16កក្កដានេះ។
ទីភ្នាក់អវកាសអាមេរិក (NASA) និងទីភ្នាក់អវកាសអឺរ៉ុប (ESA) នឹងចែករំលែកបណ្ដារូបថតរបស់ព្រះអាទិត្យដែលត្រូវបានថតនៅក្នុងរយៈចម្ងាយជិតបំផុតមិនធ្លាប់មានពីមុនមក។ បន្ទាប់ពីត្រូវបានបាញ់បង្ហោះចូលទៅក្នុងទីអវកាសកាលពីថ្ងៃទី9កុម្ភៈ2020 យានអវកាស Solar Orbiter បានហោះហើរឆ្លងកាត់តំបន់ជិតព្រះអាទិត្យបំផុត នៅពាក់កណ្ដាលខែមិថុនា បើទោះជាក្រុមអ្នកវិទ្យាសាស្ត្រត្រូវប្រឈមនឹងឧបសគ្គច្រើនដោយសារបញ្ហា COVID-19 ក៏ដោយ។ នៅពេលហោះហើរ យាននេះបានបើកដំណើរការឧបករណ៍ទាំង10របស់វាក្នុងពេលតែមួយ ដើម្បីផ្ដិតយករូបភាពរបស់ព្រះអាទិត្យ។
Daniel Muller ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់របស់អង្គការអវកាសអឺរ៉ុប ធ្វើការក្នុងគម្រោង Solar Orbiter បានឱ្យដឹងថា “បណ្ដុំរូបថតដំបូង គឺហួសពីការស្មានរបស់យើង។ យើងបានរកឃើញតម្រុយជាច្រើននៃបាតុភូតដ៏គួរឱ្យចាប់អារម្មណ៍ដែលមិនធ្លាប់បានពិនិត្យមើលឃើញទាល់តែសោះនាពេលកន្លងមក។ ឧបករណ៍ទាំង10នៅលើ Solar Orbiter ដំណើរការដោយរលូន និងបានបង្ហាញអំពីទិដ្ឋភាពរួមរបស់ព្រះអាទិត្យ និងខ្យល់ព្រះអាទិត្យ។ ប្រការនេះ នាំឱ្យយើងជឿជាក់ថា Solar Orbiter នឹងជួយឱ្យយើងអាចឆ្លើយនឹងសំណួរជាច្រើនដែលមិនទាន់មានចម្លើយ ស្ដីអំពីព្រះអាទិត្យ”។
នៅក្នុងការហោះហើរជុំវិញតារាវិថីជាលើកដំបូង យាន Solar Orbiter បានហោះក្នុងរយៈចម្ងាយពីព្រះអាទិត្យប្រមាណជា75.6លានគីឡូម៉ែត្រ គឺស្មើនឹងពាក់កណ្ដាលនៃរយៈចម្ងាយពីព្រះអាទិត្យមកផែនដី។ ESA ឱ្យដឹងថា យានអកវាសនេះនឹងហោះទៅជិតព្រះអាទិត្យជាងនេះទៀតនាពេលខាងមុខ។ Solar Orbiter កំពុងតែធ្វើការកែប្រែគន្លងគោចររបស់វាយ៉ាងយឺតៗ។ នៅចុងឆ្នាំ2021 យាននេះនឹងហោះទៅក្បែរព្រះអាទិត្យក្នុងរយៈចម្ងាយ41.8លានគីឡូម៉ែត្រ ពោលគឺជិតជាងរយៈចម្ងាយរវាងព្រះអាទិត្យនិងពិភពពុធទៅទៀត ដើម្បីពិនិត្យទៅលើតំបន់ប៉ូលទាំងមូលរបស់ព្រះអាទិត្យ។
ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា គម្រោងនេះនឹងអាចស្វែងរកឃើញចម្លើយដែលបកស្រាយអំពីការវិវឌ្ឍន៍របស់ភពនានា រួមនឹងដំណើរការនៃវត្តមានរបស់ជីវិត រចនាសម្ព័ន្ធនៃដំណើរការរបស់ប្រព័ន្ធព្រះអាទិត្យទាំងមូល និងប្រភពនៃអវកាសផងដែរ។
កន្លងមក កាលពីខែមិថុនា2020 អង្គការ NASA បានចែករំលេកវីដេអូ time-lapse មួយ ដែលបង្ហាញអំពីទិដ្ឋភាពរបស់ព្រះអាទិត្យក្នុងរយៈពេល10ឆ្នាំកន្លងមក ដោយយោងទៅតាមទិន្នន័យពីយានអវកាស Solar Dynamics Observatory (SDO)។ SDO ថតបានរូបភាពយ៉ាងច្បាស់ចំនួន425លានសន្លឹកអំពីព្រះអាទិត្យ គឺប្រហាក់ប្រហែលនឹងទិន្នន័យចំនួន20លាន gigabyte ក្នុងរយៈពេល1ទសវត្សរ៍៕
ប្រភព៖ NASA