ខឿនសេដ្ឋកិច្ចធំជាងគេលំដាប់ទី2នេះបានងើបឡើងវិញជាថ្មី ដោយមានកំណើន3.2% ក្នុងត្រីមាសទី2 បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ2019 ប៉ុន្តែអត្រានៃការទិញដូរ និងការវិនិយោគនៅតែខ្សោយនៅឡើយ។
តួលេខពីការិយាល័យស្ថិតិនៃប្រទេសចិន ដែលទើបត្រូវបានប្រកាសឱ្យដឹងក្នុងព្រឹកនេះ (16កក្កដា) បានបង្ហាញថា GDP ចិនបានកើនឡើងវិញជាថ្មីនៅក្នុងត្រីមាសកន្លងទៅ នៅពេលវិធាននានាក្នុងបម្រាមគោចរទប់ស្កាត់ដើម្បីទប់ស្កាត់COVID-19 ត្រូវបានបញ្ជប់ និងសកម្មភាពជម្រុញដំណើរការសេដ្ឋកិច្ចត្រូវបានធ្វើឡើងយ៉ាងខ្លាំងក្លា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ខ្លាំងពីវិបត្តិសុខភាព។ អត្រានៃកំណើន3.2%នេះ ក៏ខ្ពស់ជាងការព្យាករកន្លងមករបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិមួយរបស់សារព័ត៌មាន Reuters។
មុននេះ GDP ចិនបានថយចុះ6.8% នៅក្នុងត្រីមាសទី1 ដែលនេះគឺជាការធ្លាក់ចុះដំបូងបង្អស់រាប់ចាប់ពីឆ្នាំ1992។ គិតជារួម នៅក្នុងឆមាសដើមឆ្នាំ2020នេះ សេដ្ឋកិច្ចចិនមានកំណើនអវិជ្ជមាន (ក្រោមសូន្យ) 1.6%។
ផលិតផលឧស្សាហកម្មចិន បានកើនឡើង4.8% ក្នុងឆមាសទី1 បើធៀបជាមួយនឹងឆមាសទី1នៃឆ្នាំ2019។ នេះគឺជាខែទី3ហើយដែលតួលេខនេះបានកើនឡើង។
ប៉ុន្តែ អត្រានៃការទិញដូរនៅតែបន្តចុះខ្សោយ ដោយការលក់ចេញនៃទំនិញលក់រាយបានថយចុះ1.8% ក្នុងខែមិថុនា បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ2019។ នេះគឺជាខែទី5 ដែលតួលេខនេះបានដាំក្បាលចុះ។ ចំណែកការវិនិយោគទៅលើអចលនទ្រព្យក៏បានថយចុះ3.1% នៅក្នុងពាក់កណ្ដាលដើមឆ្នាំនេះ បើធៀបជាមួយនឹងពាក់កណ្ដាលដើមឆ្នាំ2019។
ក្រុមមន្ត្រីរដ្ឋាភិបាលចិន ត្រូវបានគេរំពឹងថានឹងបន្តចាត់វិធានការជម្រុញកំណើនសេដ្ឋីនៅក្នុងពាក់កណ្ដាលចុងឆ្នាំ2020នេះ បើទោះជាមានការព្រួយបារម្ភអំពីបំណុលដែលចេះតែកើនឡើងក៏ដោយ។ ចិនបានបញ្ចេញវិធានការជាច្រើន ដូចជា ការបង្កើនការចំណាយរបស់រដ្ឋ កាត់បន្ថយអត្រាពន្ធ បន្ថយអត្រាការប្រាក់ និងអត្រាទុនបម្រុងកតព្វកិច្ចជាដើមសម្រាប់បណ្ដាធនាគារ ដើម្បីគាំទ្រដល់ការបង្កើតការងារ ក៏ដូចជាសង្គ្រោះខឿនសេដ្ឋកិច្ច៕
ប្រភព៖ Reuters