ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយបញ្ជាក់ថាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា 2019-2020 នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី 17 ខែសីហា ឆ្នាំ2020 ដែលថ្ងៃនេះចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកធ្វើការងារទាំងអស់ឈប់សម្រាកសងថ្ងៃចូលឆ្នាំ។
ក្រសួងអប់រំបានបញ្ជាក់ថា ដោយសារតែមានការរីករាលដាលជំងឺ Covid-19 ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយខ្លួនឯង។
ជានីតិវិធី គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡងមកក្រសួង តាមរយៈមន្ទីអប់រំ យុវជន និងកីឡារាជធានីខេត្តឱ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ2020 ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។
ក្នុងករណីគ្រឹះស្ថានសិក្សាឯកជនណាដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមជាមួយសិស្សនៃគ្រឹះស្ថានសាធារណៈនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕