លីកកំពូលឡាវ បានប្រកាសត្រឡប់មកវិញហើយ កាលពីថ្ងៃទី11 ខែកក្កដា ឆ្នាំ2020 កន្លងទៅ ដោយយកថ្ងៃចុងសប្តាហ៍មុន ធ្វើជាថ្ងៃចាប់ផ្តើមរបស់ខ្លួនតែម្តង ហើយការប្រកួត បានទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកទស្សនាយ៉ាងច្រើនទៀតផង។
ក្នុងការត្រឡប់មកវិញនេះ សហព័ន្ធកីឡាបាល់ទាត់ឡាវ បានអនុញ្ញាតឱ្យមានអ្នកគាំទ្រ ចូលរួមទស្សនាការប្រកួតដោយសេរី ខណៈដែលព្រឹត្តិការណ៍នេះ អាចហៅថា ជាការចាប់ផ្តើមលីកកំពូលឡាវ ក៏ថាបានដែរ ក្រោយពេលដែលលីកកំពូលរបស់ប្រទេសនេះ បានពន្យារពេលបើកឡើងវិញ តាំងពីខែមីនាមកម្ល៉េះ។
សូមបញ្ជាក់ថា លីកកំពូលរបស់ប្រទេសឡាវ ជាធម្មតា គឺប្រកួតចំនួន 3ជើង ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-19 សហព័ន្ធបាល់ទាត់នៃប្រទេសឡាវ បានបង្រួមមកនៅត្រឹមតែ 2ជើងវិញ ដោយបានចាប់ផ្ដើមចាប់ពីថ្ងៃទី11 ខែកក្កដា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី3 ខែតុលា ឆ្នាំ2020៕