ខ្សែប្រយុទ្ធ Alexandre Lacazette និងតារាឆ្នើម Alvaro Morata នឹងសម្លឹងរកការបង្ហាញពីថ្វីជើងរបស់ពួកគេរៀងៗខ្លួន នៅពេលដែលក្រុមកាំភ្លើងធំ Arsenal ប្រកួតជាមួយនឹងក្រុមតោខៀវ Chelsea ក្នុងការប្រកួតពានមុនបើករដូវកាល Community Shield នាកីឡដ្ឋាន Wembley នៅថ្ងៃអាទិត្យនេះ។
Lacazette ដែលបានផ្ទេរមកពីក្លិប Lyon ក្នុងតម្លៃខ្លួន46.5លានផោន (ស្មើនឹង60.6លានដុល្លារអាមេរិក) នោះ នឹងត្រូវធ្វើការប្រកួតជាផ្លូវការជាលើកទី1របស់គេសម្រាប់ក្រុម Arsenal ដែលជាម្ចាស់ជើងឯកពាន FA Cup។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ26ឆ្នាំរូបនេះ បានចំណាយពេលដល់ទៅ14ឆ្នាំជាមួយនឹងក្លិប Lyon និងបានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Ligue 1 ទាំង 3រដូវកាលចុងក្រោយនេះ ហើយរូបគេបានរកគ្រាប់បាល់បញ្ចូលទីដល់ទៅ113គ្រាប់ក្នុងរយៈពេល4រដូវកាលរបស់គេជាមួយនឹងក្លិបរបស់បារាំង។
ដោយឡែក ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Morata បានចូលរួមជាមួយនឹងក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្នុងតម្លៃខ្លួន 58លានផោន ពីក្លិបយក្ស Real Madrid របស់អេស្ប៉ាញ ក្រោយពីរូបគេមិនបានបង្ហាញខ្លួនក្នុងជម្រើសដំបូងឲ្យបានទៀងទាត់។ ប៉ុន្តែ បើទោះបីជាខ្សែប្រយុទ្ធវ័យ24ឆ្នាំរូបនេះមិនអាចប្រជែងជាមួយនឹង Karim Benzema ដើម្បីយកកៅអីជម្រើសទាំង11នាក់ដំបូងនៅឯ Real Madrid ក៏ដោយ ប៉ុន្តែ លោក Antonio Conte គ្រូបង្វឹករបស់ Chelsea ជឿជាក់ថា រូបគេអាចឈានដល់កម្រិតលេងដ៏កំពូលរបស់គេ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឲ្យដឹងថា៖ «រូបគេជាកីឡាករវ័យក្មេង ហើយការងាររបស់ខ្ញុំគឺការជួយឲ្យរូបគេមានការអភិវឌ្ឍ និងរកឲ្យឃើញនូវគុណភាពរបស់គេ។ ខ្ញុំដឹងថា រូបគេមានកម្រិតលេងដ៏អស្ចារ្យដើម្បីក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងពិភពលោក»។ ការប្រកួតនៅថ្ងៃអាទិត្យនេះ ដែលជាយុទ្ធនាការបើករដូវកាលរបស់ក្របខ័ណ្ឌកំពូលអង់គ្លេសនោះ គឺជាការជួបគ្នាមួយដែលដូចទៅនឹងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ដូវកាលពីរដូវកាលមុនដែរ ដែលពេលនោះ ក្រុម Arsenal បានយកឈ្នះលើក្រុម Chelsea ក្នុងលទ្ធផល 2-1។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង8យប់៕