តាមរយៈការបញ្ចេញរូបភាពចំនួន4សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា គេបានដឹងថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានប្រកាសជាចាយប្រាក់សាងសង់អាគារដ៏ធំស្កឹមស្កៃមួយដែលចាយប្រាក់សាងសង់3លានដុល្លារ ដើម្បីជំរុញការបណ្ដុះបណ្ដាលធនធានបន្ថែមទៀត ទៅលើផ្នែកសិល្បៈ និងជាគោលបំណងប្រកួតប្រជែងជាមួយទីផ្សារសិល្បៈឆាកអន្ដរជាតិ។
ម្ចាស់ផលិតកម្មរូបនេះ ក្រៅពីមុខជំនួញដីធ្លី និងគ្រប់គ្រងផលិតកម្មចម្រៀង និងភាពយន្ដ លោកក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងផងដែរ តាមរយៈទឹកចិត្តដ៏ប្រពៃរបស់លោក តែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌ជាញឹកញាប់ផងដែរ។ លោកឡេង ណាវ៉ាត្រា ពិតបានសាងប្រជាប្រិយភាពក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយមានងារជាឧកញ៉ាវ័យក្មេង។
សូមជម្រាបដែរថា តារាចម្រៀងស្រីប្រុស ដែលមាននៅក្នុងផលិតកម្មកាឡាក់ស៊ី គេឃើញមាន កញ្ញា តន់ ច័ន្ទសីម៉ា កញ្ញា អ៊ុក សុវណ្ណារី ប្អូនប្រុស ប៊ុន ធឿន លោក Tempo និងតារាចម្រៀងថ្មីៗជាច្រើននាក់ទៀត ដែលកំពុងសម្ញំចេញបទចម្រៀងថ្មី ក្រោមការដឹកនាំផលិតដោយ លោក យឹម តាស្រង់ ជាអតីតអ្នកនិពន្ធល្បីក្នុងផលិតកម្មថោន៕