កាលពីប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធី Video conferencing សម្រាប់ Windows ដើម្បីការពារពីការវាយប្រហារ zero-day បន្ទាប់ពីក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា ACROS បានធ្វើការផ្សព្វផ្សាយពីភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យជនអនាមិកបើកដំណើរការកូដ នៅពេលដែលពួកគេបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យបើកឯកសារ នៅលើប្រព័ន្ធកុំព្យូទ័រដោយពុំដឹងខ្លួន។ ការធ្វើបច្ចុប្បន្នភាពនេះគឺសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 ហើយវាមិនមានការប៉ះពាល់ជាមួយ Windows 8 ឬ Windows 10 នោះទេ។
គួររំឭកផងដែរថា កាលពីពេលថ្មីៗនេះ Zoom ត្រូវបានរងការរិះគន់ ពីអ្នកប្រើប្រាស់ និងសមាជិកសភានៅសហរដ្ឋអាមេរិក ក្រោយពីការប្រកាសថាប្រព័ន្ធ encryption ពួកគេគឺសម្រាប់តែអតិថិជនដែលបានបង់លុយប៉ុណ្ណោះ។ ប៉ុន្តែដោយសារមានប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងសុវត្ថិភាព និងឯកជនភាព របស់អ្នកប្រើប្រាស់នោះ ទើបក្រុមហ៊ុន Zoom បានប្រកាសឡើងវិញថា អ្នកប្រើប្រាស់ទាំងអស់នឹងអាចប្រើមុខងារ end-to-end encryption បាន។
ដោយសារតែក្រុមហ៊ុន Zoom បានព្យាយាមធ្វើការកែសម្រួល ហើយដាក់ឱ្យប្រើប្រាស់ភ្លាមៗ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ដែលកំពុងប្រើប្រាស់ Windows 7 ជាមួយកម្មវិធី Zoom គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីនេះឱ្យបានឆាប់រហ័ស (Version 5.1.3) ដើម្បីចៀសវាងពីការវាយប្រហារជាយថាហេតុណាមួយនោះ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា